បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលស្រុកថ្មគោល ឃាត់ជនសង្ស័យម្នាក់ ជិះម៉ូតូមកចាក់សាំង បានយកកាំបិតស្នៀតភ្ជង់កម្មករ គំរាមយកទូរស័ព្ទដៃ នៅចំណុចការាស់សាំងខាងជើងស្ពានត្រស់ ស្ថិតភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាម៉ោង ២និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
យោងតាមរបាយករណ៍ពី លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានបន្តអោយដឹងថា មានករណីគំរាមយកទូរស័ព្ទ បង្កដោយជនសង្ស័យ២នាក់ បានជិះម៉ូតូមកចាក់សាំង នៅក្នុងការាស់សាំងចំណុចខាងលើ ជនសង្ស័យបានយកកាំបិតស្នៀតដកភ្ជង់កម្មករចាក់សាំង ឈ្មោះ ហែម ជំនោរ ភេទប្រុស អាយុ ២០ឆ្នាំ យកទូរស័ព្ទដៃម៉ាក IPhone6 អស់១គ្រឿង។
លោកអធិការនគរបាលស្រុកថ្មគោល បន្តអោយដឹងថា ខណៈពេលជនល្មើសកំពុងធ្វើសកម្មភាពត្រូវបានកម្មករនៅទីនោះឃើញចាប់បានបក្ខពួកជនសង្ស័យបានម្នាក់ ឈ្មោះ តែហេងកៅ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។ នៅថ្ងៃទីខែឆ្នាំដដែល វេលាម៉ោង ១០៖៣០នាទី នៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បានស្រាវជ្រាវរកឃើញជនសង្ស័យម្នាក់ទៀតឈ្មោះ ជុន.សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល បានធ្វើការឃាត់ខ្លួនតែជនសង្ស័យមិនព្រមរួចតដៃជាមួយសមត្ថកិច្ច ដោយប្រើប្រាស់កន្ត្រៃដេញចាក់កម្លាំងនគរបាល បណ្ដាលឲ្យរបួសស្រាលម្នាក់ ដោយស្ថានការណ៍មិនល្អសមត្ថកិច្ច បានផ្ទុះអាវុធគំរាម បណ្ដាលឲ្យផ្លាតត្រូវជើងជនសង្ស័យចំនួន២កន្លែង ទើបយើងឃាត់ខ្លួនបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យខេត្ត។
សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងកន្ត្រៃ ១កាំបិតស្នៀត ១ទូរស័ព្ទដៃ ១គ្រឿង និងម៉ូតូ ១គ្រឿង។
ករណីនេះ ជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់