ភ្នំពេញៈ បុរស២នាក់រងរបួសធ្ងន់ធ្ងរ ក្នុងសភាពដាច់ដៃដាច់ជើងខ្ទេច បន្ទាប់ពីត្រូវរថយន្តបែនដឹកដី យ៉ីឌុប បើកកិនអូសម៉ូតូសេ១២៥ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ជនរងគ្រោះ ឈ្មោះ អ៊ឹង ណុយ ភេទប្រុស អាយុ៣៨ឆ្នាំ កសិករ រស់នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតកែវ របួសធ្ងន់ធ្ងរ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Z-1370 និងរួមដំណើរដោយឈ្មោះ រឿន កញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ជាមួយគ្នា រងរបួសដាច់ប្រអប់ជើង។ ចំណែករថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយបែន យ៉ីឌុបដឹកដី ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-1851 ជារថយន្ត របស់ករុមហ៊ុន ការដ្ឋានធ្វើផ្លូវជាតិលេខ៣ ។
ប្រភពដដែលបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូឌុបគ្នា ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តបង្ក បើកច្រាស់ទិស បុកកិនអូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះ ដាច់ដៃ ដាច់ជើងខ្ទេច។
តាមពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ មានស្ថានភាពមើលទៅគួរឲ្យអាសូរណាស់ មានរថយន្តគ្លីនិកឯកជនជាច្រើនគ្រឿង ប្រជែងគ្នាដើម្បីដឹកយកជនរងគ្រោះ តែដល់មើលឃើញ ក្នុងសភាពបែបនេះ នាំគ្នាបើកគេចទៅបាត់អស់ ទើបពលរដ្ឋទូរស័ព្ទហៅ រថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅជួយអន្តរាគមន៍ ដឹកយកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ បន្ទាប់ពីបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់