សៀមរាបៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នៅការ៉ាសផ្ញើកង់ម៉ូតូក្នុងវិទ្យាល័យអង្គរ។
ជនសង្ស័យមានឈ្មោះ ស៊ុន សារី ហៅង៉ែត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យអង្គរ ស្នាក់នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងថ្ងៃខែឆ្នាំកើតហេតុ សមត្ថកិច្ចយើងបានទទួលបណ្តឹងពីឈ្មោះ ឃុន ចន្ទី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ពីករណីឈ្មោះ ហ៊ុន ពុទ្ធីពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរដាក់ការ៉ាសផ្ញើកង់ម៉ូតូក្នុងវិទ្យាល័យអង្គរ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានទទួលផ្ញើម៉ូតូ១គ្រឿងរបស់គេម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ស្លាកលេខមិនទាន់បំពាក់ ហើយធ្វើឲ្យបាត់ម៉ូតូនោះនៅក្នុងការ៉ាសនោះ។
ក្រោយមកនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ម៉ោង១០ព្រឹក ម្ចាស់ម៉ូតូឈ្មោះ ឃុន ចន្ទី ភេទស្រី និងឈ្មោះ ហ៊ុន ពុទ្ធីពិសិដ្ឋ ភេទប្រុស ជាម្ចាស់ការ៉ាសផ្ញើកង់ម៉ូតូ បានធ្វើការព្រមព្រៀងទិញនិងទទួលយកម៉ូតូ១គ្រឿងភិនភាគប្រហាក់ប្រហែលគ្នា ជាសំណងថ្នូរនឹងបណ្តឹងទាមទារសំណងបាត់ម៉ូតូនោះ។ បន្ទាប់មកនៅថ្ងៃដដែលឈ្មោះ ហ៊ុន ពុទ្ធីពិសិដ្ឋ ភេទប្រុស បានដាក់បណ្តឹងបន្តពីជនមិនស្គាល់អត្តសញ្ញាណមិនដឹង បានលួចយកម៉ូតូភិនភាគខាងលើ។
រហូតជាក់ស្តែងនៅម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ម្ចាស់ការ៉ាសឈ្មោះ ហ៊ុន ពុទ្ធីពិសិដ្ឋ មានការសង្ស័យលើម៉ូតូ១គ្រឿងនៅក្នុងការ៉ាសរបស់ខ្លួន ដែលមានអ្នកជិះយកទៅផ្ញើក៏បានរាយការណ៍ឲ្យសមត្ថកិច្ចត្រួតពិនិត្យមើលក៏ឃើញជាភិនភាគម៉ូតូដែលបានបាត់កាលពីម៉ោង៧និង១០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ប្រាកដមែន។
ក្រោយមកនៅម៉ោង១១និង៤០នាទី ទើបយើងឃាត់បានជនសង្ស័យឈ្មោះ ស៊ុន សារី ហៅង៉ែត ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សនៃវិទ្យាល័យអង្គរ មកធ្វើការសាកសួរ ហើយឈ្មោះ ស៊ុន សារី ហៅង៉ែត បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែន។ ដោយសកម្មភាពនោះគឺខ្លួនគេបានប្រព្រឹត្តតែម្នាក់ឯងមិនមានបក្ខពួកផ្សេងទៀតទេ៕
មតិយោបល់