ព័ត៌មានជាតិ

ក្រុមចោរជំនាញខាងឆក់យ៉ាងសកម្មក្នុងខណ្ឌដូនពេញ ត្រូវសមត្ថកិច្ចបង្រ្កាបបាន!

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូបស្ពាយបណ្តាលឲ្យជនរងគ្រោះដួលរបួស) កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ២៦Eo ផ្លូវលេខ១៥៤ ភូមិទី៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ HU JINGMIN ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិចិន បានស្ពាយកាបូបលើស្មារខាងស្តាំធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលេខ១៥៤ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកCPX125 ពណ៌ស ស្លាកលេខ ភ្នំពេញ 1GN-3390 បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះដួលអូសទៅនឹងថ្នល់ រងរបួសដាច់ស្មារ និងចិញ្ចើមខាងឆ្វេង ហើយជនរងគ្រោះក៏ស្រែកផ្អើលឆោរឡោ។ ស្របពេលនោះកម្លាំងខណ្ឌ ប៉ុស្តិ៍ដែលកំពុងល្បាតដល់ចំណុចក្បែរនោះក៏ធ្វើការអន្តរាគមន៍ភ្លាម ដោយជិះម៉ូតូដេញប្រផាប់ ចាប់ប្រផីងធ្វើឲ្យជនសង្ស័យម្នាក់ដែលអង្គុយពីក្រោយភ័យធ្លាក់ពីលើម៉ូតូ នឹងបានត្រូវកម្លាំងយើងឃាត់ខ្លួនបានភ្លាម រួចនាំមកទីស្នាក់ការប៉ុស្តិ៍ជ័យជំនះ ដើម្បីធ្វើការសាកសួរតែម្តង ​ដោយឡែកជនសង្ស័យម្នាក់ទៀតដែលជាអ្នកបើកម៉ូតូបានជិះគេចខ្លួនបាត់ ។
​បន្ទាប់ពីបានតម្រុយនៃការឃាត់ខ្លួនជនសង្ស័យម្នាក់ កម្លាំងយើងបានប្រើប្រាស់វិធានការជំនាញសួរចម្លើយ ឈានដល់បើកកិច្ចប្រតិបត្តិការបន្តតាមយកបក្សពួក ដោយច្បាមរហូតមកដល់វេលាម៉ោង១១និង៣០នាទីយប់ ទើបឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត រួមជាមួយមធ្យោបាយធ្វើសកម្មភាព ។

ជនសង្ស័យត្រូវឃាត់ខ្លួនចំនួន២នាក់ ទី១​ឈ្មោះ ស៊ុន ណាដា ភេទស្រី(ខ្ទើយ) អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ជិះពីក្រោយធ្វើសកកម្មភាពឆក់)។ និងទី​​២ឈ្មោះ ឡោ ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (អ្នកបើកម៉ូតូ)។
​​​
ជាវិធានការជំនាញដើម្បីជីកឬសគល់ កាប់មែក កាប់ធាង សមត្ថិកិច្ចយើងបានបន្តជាន់យកចម្លើយជនសង្ស័យ នឹងបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបន្តរហូតមកដល់វេលាម៉ោង៥ទៀបភ្លឺ កម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបក្ខពួក នឹងជាសមាសភាពឆក់សកម្មតាមបណ្តាខណ្ឌផ្សេងៗចំនួន​៤នាក់ទៀត(ស្រីចំនួន​១នាក់) ព្រមទាំងជនសង្យ័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៥នាក់(ស្រីចំនួន០១នាក់)ផ្សេងទៀត រួមជាមួយម៉ូតូចំនួន​២គ្រឿងនាំយកមកធ្វើការសាកសួរ។

ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថិកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ក្នុងនោះមានសមាសភាពមុខសញ្ញាឆក់សកម្មចំនួន៦នាក់ នឹងសមាសភាពប្រើប្រាស់គ្រឿងញៀនចំនួន 05នាក់ ដោយចាប់ផ្តើមបើកកិច្ចប្រតិបត្តិការពីវេលាម៉ោង 8:10នាទីយប់ថ្ងៃទី 17 រហូតមកដល់វេលាម៉ោង 5ទាប់ភ្លឺ ឈានចូលថ្ងៃទី 18 ដែលដឹកនាំបញ្ជា ស្រាវជ្រាវ សួរចម្លើយដោយ​ផ្ទាល់លោកវរៈសេនិយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ៕

មតិយោបល់