ភ្នំពេញៈ រថភ្លើងក្រោយពីដាក់ភ្ញៀវចុះរួចបានបើកបរក្នុងល្បឿនលឿន ហើយបានបុករថយន្តដឹកអុស១គ្រឿងដែលកំពុងបើករ៉ឺយែចូលទៅក្នុងរោងចក្របណ្ដាលឲ្យរងការខូចខាតក្រពឹតរួញកាប៊ីនទាំងស្រុង។
ហេតុការណ៍នោះបានកើតឡើងកាលពី វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅតាមផ្លូវចូលវត្តតាំងកសាងខាងត្បូង ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកអុស១គ្រឿងនោះពណ៌ខៀវ លាយស ពាក់ស្លាកលេខស្វាយរៀង 3A-0834បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានរថភ្លើងដឹកអ្នកដំណើររបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេបើកបុកទាំងកម្រោល។នៅមុនពេលកើតហេតុរថយន្តនេះបានដឹកអុសយកទៅដាក់នៅក្នុងរោងចក្រកាត់ដេរមួយយីហោ«វ៉ាងលេ ហ្វេសសិន អ៊ីនស្ទិវសិន ខេមបូឌា»ដែលមានទីតាំងស្ថិតនៅចំណុចកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា លុះពេលទៅដល់បានបើករ៉ឺយែថយក្រោយចូលក្នុងរោងចក្រ ហើយខណៈពេលកំពុងរ៉ឺយែថយចុះឡើងៗស្រាប់តែរថភ្លើងខាងលើបានបើកលឿនចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនបានទៅដល់បុកចំកាប៊ីនរថយន្តនោះពេញទំហឹងបណ្ដាលឲ្យរងការខូចខាតតែម្ដង។ក្រោយពេលកើតហេតុភាគីទាំង២ធ្វើការសម្របសម្រួលគ្នាប៉ុន្តែមិនទាន់ដឹងថាដោះស្រាយតាមរបៀបណានៅឡើយ៕
មតិយោបល់