ព័ត៌មានជាតិ

កងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រជុំត្រួតពិនិត្យការអនុវត្តឆមាសទី១ និងទិសដៅឆមាសទី២

ភ្នំពេញៈ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ លោឧត្តមសេនីយ៍ ជាមេបញ្ជាការរង ស្នងការ នាយរងសេនាធិការដ្ឋាន ស្នងការរង លោក នាយការិយាល័យ មេបញ្ជាការកងអន្តរាគមន៍ និងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសសភាពការណ៍រួមក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ ស្ថិរភាពនយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងការការពារប្រតិភូជាតិ អន្តរជាតិ ក្នុងដំណើរបំពេញទស្សនកិច្ចរាល់កិច្ចប្រជុំតូច ធំ ព្រមទាំងក្នុងពិធីបុណ្យជាតិ អន្តរជាតិ បានល្អប្រសើរ។ តាមរយៈទិន្នន័យក្នុងរបាយការណ៍បូកសរុបឆមាសទី១នេះ កងរាជអាវុធហត្ថសម្រេចបាននូវស្នាដៃ និងសមិទ្ធផលយ៉ាងល្អប្រសើរមានជាអាទិ៍៖

១-ការកសាងហេដ្ឋារចនាសម្ព័ន្ធមានការខិតខំប្រឹងប្រែងសាងសង់អគារ ជំរំជម្រក បន្ទាយស្នាក់នៅចាប់តាំងពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសរហូតដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នាក់ការសន្តិសុខ។

២-ការអប់រំចិត្តសាស្ត្រ និងហ្វឹកហ្វឺន បានខិតខំធ្វើម្ចាស់ការទាំងនៅសាលា នៅអង្គភាពរួមមាន ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ ។ល។

៣-ការថែទាំមធ្យោបាយ សម្ភារបំពាក់ មេបញ្ជាការគ្រប់ថ្នាក់មានស្មារតីខ្ពស់ក្នុងការជួសជុល និងទិញបន្ថែម ដើម្បីធានាបម្រើបេសកកម្ម។

៤-មេបញ្ជាការគ្រប់ថ្នាក់បានយកចិត្តទុកដាក់លើប្រាក់ហូបនៅតាមផ្ទះបាយ លើសពីនេះ រាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សរ៍មានភាពល្អប្រសើរ។ ជាមួយគ្នានេះដែរ កងរាជអាវុធហត្ថគ្រប់ថ្នាក់បានយកចិត្តទុកដាក់គោលនយោបាយជូនដល់អាវុធហត្ថពលី មរណៈ ព្យាបាលជំងឺ។ល។

៥-គ្រប់អង្គភាពយកចិត្តទុកដាក់លើការប្រើប្រាស់ឯកសណ្ឋានបាសមរម្យ។

៦-ចំណែកឯការស្រាវជ្រាវបង្ក្រាបបទល្មើសយើងទទួលបានលទ្ធផលច្រើន ហើយរក្សាបានសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈបានល្អ។

ក្រៅពីការងារស្នូល កងរាជអាវុធហត្ថបានចូលរួមការងារសង្គមដូចជា អប់រំបន្សាបគ្រឿងញៀនដល់ជនញៀនថ្នាំជាសះស្បើយចំនួន២១២នាក់ ជួយដឹកទឹកជូនប្រជាពលរដ្ឋបានចំនួន៩០៨៣គ្រួសារ ស្មើនឹង ៦១០.៣០១លីត្រ និងជួយរុះរើផ្ទះចំនួន៥៩ខ្នង ព្រមទាំងចូលរួមសកម្មភាពកីឡាបាល់ទាត់៕

មតិយោបល់