ព័ត៌មានជាតិ

ទើបរៀនប្លន់លើកទី១ ប៉ះចំកម្មការនីរោងចក្រ វាយទ្បើងទ្រោម ចាប់បានម្នាក់រត់រួចម្នាក់

ភ្នំពេញៈ ជនសង្ស័យ២នាក់ ទើបរៀនចេញប្លន់ ប៉ះចំថ្ងៃស៊យ នាំគ្នាទៅស្ទាក់ប្លន់ម៉ូតូពីកម្មការនីរោងចក្រ ខណៈនាងកំពុងជិះត្រឡប់ទៅផ្ទះ មិនសម្រេចហើយ ត្រូវគេតដៃវិញ និងស្រែកឆោឡោផ្អើលពលរដ្ឋចេញមកជួយ ចាប់បានម្នាក់ រត់គេចបាត់ម្នាក់ កាលពីវេលាម៉ោង៤ និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ ឈ្មោះ សេដ្ឋ ដារ៉េត ហៅទិត្យ អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ចំណែកម្នាក់ទៀត ឈ្មោះ វីត អាយុជាង២០ឆ្នាំ ជាមុខសញ្ញាចាស់ រត់គេចខ្លួនបាត់ ។

ម៉ូតូដែលជនសង្ស័យប្លន់ មិនបានសម្រេច ម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-7402 ជារបស់ជនរងគ្រោះឈ្មោះ ស៊ន រដ្ឋ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិ សេរីសាមគ្គីកណ្តាល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមសម្តីនារីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ នាង និងមិត្តភក្ដិ បានជិះម៉ូតូចេញពីធ្វើការវេនយប់ ត្រឡប់មកផ្ទះជួល មកដល់ចំណុចខាងលើ ជិតដល់បន្ទប់ទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ មកវាយដណ្តើមយកម៉ូតូ ទើបតដៃវិញ ប្រតាយប្រតប់គ្នា ហើយក៏ស្រែកឆោឡោ វាយជនសង្ស័យដេកម្នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួនបាត់។

តាមសម្តីជនសង្ស័យ សេដ្ឋ ដារ៉េត បានឲ្យដឹងថា ខ្លួន ទើបរៀនចេញប្លន់លើកទី១ទេ បន្ទាប់ពីស្គាល់ ឈ្មោះវីត មួយគ្រា ហើយក៏បបួលមកធ្វើបែបនេះ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំទៅសាកសួរ និងកសាងសំណុំរឿង នៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានបន្ត ចាត់ការតាមនីតិវិធី ៕

មតិយោបល់