ព័ត៌មានជាតិ

​សន្តិសុខក្រុមហ៊ុនហ្គារ៉ូដាម្នាក់ ស្រឡាញ់ក្មេងស្រីជនជាតិវៀតណាមនាំទៅដេកផ្ទះសំណាក់ លីលី ចុងក្រោយជាប់ខ្នោះ!

ភ្នំពេញៈ ស្នេហាយុវជន និងយុវតីមួយគូដែលល្អូកល្អើននិងគ្នាបានក្លាយទៅជារឿងជាប់គុកជាប់ច្រវ៉ាក់ ព្រោះតែខាងស្រីមិនទាន់គ្រប់អាយុ ត្រូវឪពុកនារីរងគ្រោះប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្នោះ ក្រោយនាំកូនស្រីរបស់គាត់ក្រោមអាយុ១៥ឆ្នាំ ឡើងផ្ទះសំណាក់។

យុវជនខាងលើនេះ ឈ្មោះ ជុំ សៅ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនហ្គារ៉ូដា ស្នាក់នៅក្នុង ក្រុមហ៊ុនសន្តិសុខយីហោហ្គារ៉ូដា ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំណែកយុវតី រងគ្រោះ​អាយុ១៣ឆ្នាំ ជនជាតិវៀតណាម មានឪពុក​ឈ្មោះ ចាន់ វី អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឪពុកក្មេងរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទីថ្ងៃ​ត្រង់ កូនស្រីរបស់គាត់ បានចេញពីផ្ទះទៅជួបជនសង្ស័យ ហើយក៏នាំគ្នាដើរលេង រហូតដល់វេលាម៉ោង១១និង៣០នាទីយប់​នាថ្ងៃខែឆ្នាំដដែល ក៏បាននាំគ្នាទៅដេកផ្ទះសំណាក់យីហោលីលី ផ្ទះលេខ៦បេ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងរួមរក្សគ្នា លុះដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីយប់ គាត់ជាឪពុកជនរងគ្រោះបានជួបកូនស្រី និងជននោះនៅចំណុចសួនកុមារវត្ត​ភ្នំ ផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ សួរនាំដឹងរឿងហេតុ ក៏ធ្វើការឃាត់ខ្លួនជនស្ស័យ នាំមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសាកសួរតែម្តង។

ចំពោះមុខឪពុកយុវតីរងគ្រោះ និងសមត្ថកិច្ចជនសង្ស័យឈ្មោះ ជុំ សៅ បាន​សារភាពថា ខ្លួនពិតជាបានរួមភេទជាមួយយុវតីរងគ្រោះពិតប្រាកដមែន។ ក្រោយមកសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់