ព័ត៌មានជាតិ

ចុម! ចងដៃ​ការកូន​ដោយ​អាវុធ​ខ្លី​១​ដើម​ម៉ាក​ BERAPA​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​

បន្ទាយ​មាន​ជ័យៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ មួយ​សម្បុក​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៩​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ លោក​វរសេនីយ៍ឯក​ ធិ​ន​ ស៊ិ​ន​ដេ​ត​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៩​ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​ និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ សុក​ កែវ​បណ្ឌិត​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ ទើប​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ សហការ​ជាមួយ​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១​ និង​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ចុះ​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​ព្រៃ​គុប​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​ជា​បន្តបន្ទាប់​ ក្នុង​នោះ​៦​នាក់​ជា​ឪពុក​ម្តាយ​និង​កូន​។ ចំណែកឯ​ម្នាក់​ទៀត​ជា​ក្មួយ​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ចំនួន​១៣​កូន​ថង់​ អាវុធ​ខ្លី​១​ដើម​ម៉ាក​ BERAPA​ លេខ​ L884817​ ពណ៌​ទឹកប្រាក់​ ផលិត​នៅ​ប្រទេស​អ៊ី​តា​លី​ គ្រាប់​១៣​គ្រាប់​ បង់​១​ ទូរស័ព្ទ​ដៃ​៥​គ្រឿង​ ម៉ូតូ​២​គ្រឿង​ ។​

​ក្នុង​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ លោកនាយ​ការិយាល័យ​បាន​បន្ត​ថា​ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ និង​រក​ឃើញ​អាវុធ​ខ្លី​១​ដើម​ម៉ាក​ខាងលើ​ គ្មាន​ប័ណ្ណ​ប្រើប្រាស់​ ជា​របស់​ឈ្មោះ​ ទុន​ សា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ ។​

​បើ​តាម​សម្ដី​របស់​ឈ្មោះ​ ទុន​ សា​រិ​ទ្ធ​ គេ​អះអាង​ថា​ មិត្តភក្តិ​របស់​គេ​ជា​ជនជាតិ​ថៃ​ចងដៃ​កាល​គេ​រៀប​ការកូន​របស់​ខ្លួន​ ។​ ចំណែក​ឈ្មោះ​ តេ​ង​ ដូច​ គេ​បាន​សារភាព​ថា​ រូបគេ​ពិតជា​បាន​ជួញដូរ​គ្រឿងញៀន​នេះ​មែន​រយៈពេល​១៥​ថ្ងៃ​មក​ហើយ​ ។​

​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ កម្លាំង​នគរបាល​ជំនាញ​បាន​រៀបចំ​សំណុំរឿង​ជនសង្ស័យ​ទាំង​៧​នាក់​ រួម​ទាំង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់