ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា បើគ្មានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទាន់ពេលវេលាទេគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ក្នុងឆ្នាំ២០២០នឹងធ្វើឲ្យមានអ្នកស្លាប់កើនឡើងរហូតដល់ជាងបីពាន់នាក់ ខណៈបញ្ហានេះនៅតែជាការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់កម្ពុជានោះ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពផ្លូវគោក ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារប្រចាំឆ្នាំ២០១៩ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា តាមរបាយការណ៍ស្ថានភាពពិភពលោកស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់អង្គការសុខភាពពិភពលោក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានជាប់ចំណាត់ថ្នាក់ទី៩ នៃគ្រោះថ្នាក់សង្គមដោយបានសម្លាប់មនុស្សប្រមាណ ១.២៥០.០០០នាក់ និងរងរបួសប្រមាណ៥០លាននាក់ ព្រមទាំងមានការខាតបង់សេដ្ឋកិច្ចអស់ជាច្រើនជារៀងរាល់ឆ្នាំទូទាំងពិភពលោក។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «នៅកម្ពុជាយើង តាមការប៉ាន់ប្រមាណរបស់អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក បើគ្មានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេនោះ ចំនួនអ្នកស្លាប់នឹងកើនឡើងដល់ ៣.២០០នាក់ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ។ ដូច្នេះយើងត្រូវរួមគ្នាដើម្បីទប់ស្កាត់វាដើម្បីអាយុជីវិតពលរដ្ឋខ្មែរយើងទាំងអស់គ្នា»។
សម្តេចក្រឡាហោម បានបន្ថែមទៀតថា ដើម្បីបន្តការងាររបស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ ឲ្យសម្រេចបានល្អប្រសើរថែមទៀត សម្ដេចក៏បានស្នើដល់ថ្នាក់ដឹកនាំជាតិ និងថ្នាក់រាជធានី-ខេត្ត ត្រូវបន្តជំរុញអនុវត្តឲ្យបានសម្រេចតាមទិសដៅដែលបានដាក់ចេញក្នុងរបាយការណ៍ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយនិរន្តភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងស្មារតីប្តេជ្ញាចិត្តទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម ក៏បានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យមាននិរន្តភាព ប្រសិទ្ធភាព ព្រមទាំងត្រូវត្រួតពិនិត្យ មន្ត្រីរាជការកងកម្លាំង សិស្ស និស្សិត និយោជក និយោជិក ក្រោមឱវាទ អំពីការអនុវត្តច្បាប់ និងសីលធម៌។ សម្ដេចក្រឡាហោម ក៏បានជំរុញថែមទៀត នូវការធ្វើវិស្វកម្មផ្លូវថ្នល់ឲ្យបានសមស្របទៅនឹងកំណើនយានយន្ត និងធានានិយាមសុវត្ថិភាព។ជំរុញឲ្យបានជោគជ័យនូវការដឹកជញ្ជូនអ្នកដំណើរដោយមធ្យោបាយសាធារណៈ រថយន្តក្រុង និងជំរុញលើកទឹកចិត្តការដឹកជញ្ជូនតាមបណ្ដាញផ្លូវដែក និងផ្លូវទឹក ដើម្បីរំលែកបន្ទុកនៃការដឹកជញ្ជូនតាមផ្លូវគោក ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សូមជម្រាបថា មនុស្សយ៉ាងតិចចំនួន ១,៧៦១នាក់បានស្លាប់ និង៤,៧៧០នាក់ ផ្សេងទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
របាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣,២៦៧ករណី ធ្លាក់ចុះ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ចំណែកចំនួនអ្នកស្លាប់ បានធ្លាក់ចុះ ១ភាគរយ ខណៈចំនួនអ្នករងរបួសបានធ្លាក់ចុះ ១៤ភាគរយ។ តាមរយៈតួលេខនេះ ជាមធ្យមក្នុង១ថ្ងៃ មនុស្សប្រហែល៥នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។
យ៉ាងណាក៏ដោយនៅក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ និងអ្នកបើកបរតូចចក្រយានយន្តទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា និងអ្នកបើកបរដឹកជញ្ជួនអ្នកដំណើរ និងដឹកជញ្ជួនទំនិញទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារួមគ្នាកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នេះ ឲ្យនៅសល់កម្រិតទាប់បំផុត៕
មតិយោបល់