ព័ត៌មានជាតិ

និសិ្សតម្នាក់ ក្នុងចំណោមយុវជន៤នាក់ កំពុងមើលការប្រគំតន្រី្តសុខៗ ស្រាប់តែមាន​ក្មេងស្ទាវមួយ​ក្រុម​ ​ដេញ​វាយ​មិនដឹង​មូលហេតុ

ភ្នំពេញៈ យុវជនមួយក្រុម ក្នុងនោះមាន​ម្នាក់​រង​របួសធ្ងន់​បែកក្បាល ខណៈ​៣​នាក់​ទៀត​រង​របួសស្រាល នៅពេលកំពុង​អង្គុយ​ជុំ​គ្នា​មើល​ការប្រគំតន្ត្រី ស្រាប់តែ​មាន​ក្មេង​ទំនើង​មួយ​ក្រុម​ មក​ដេញ​វាយ ដោយ​មិនដឹង​មូលហេតុ។

ហេតុការណ៍ខាងលើ​នេះ ​បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​ម៉ោង​៩ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមករា​ឆ្នាំ២០១៩ នៅ​កន្លែង​ប្រគំតន្ត្រី​ភូមិ​អូរ​ឌឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ រាជធានីភ្នំពេញ។

ជន​រង​គ្រោះមាន​ឈ្មោះ សេង ជូ​ឡា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រង​របួស​បែក​ចំ​កណ្តាល​ក្បាល​ រយះ​ប្រហែល​៤​សង្ទីម៉ែត្រ ។ ចំណែក​ជន​រង​គ្រោះ​ចំនួន​៣​នាក់​ទៀត ​មិន​បាន​ប្រាប់​អត្តសញ្ញាណ​ឡើយ។

តាមប្រភពព័ត៏មានបានឲ្យដឹងថា មុន​ពេលកើតហេតុ ជន​រង​គ្រោះ និង​មិត្តភក្តិ​មាន​គ្នា​៤​នាក់​ បាន​នាំ​គ្នា​មក​មើល​ការ​ប្រគំ​តន្ត្រី​នៅ​ចំណុច​ខាងលើ ពេល​កំពុង​អង្គុយ​លេង​លើ​ម៉ូតូ ស្រាប់តែ​មាន​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ពី​៧​ទៅ​៨​នាក់ ប្រដាប់​ដោយ​ខ្សែក្រវាត់​មក​ធ្វើ​សកម្មភាព​ដេញ​វាយ​មក​លើ​ក្រុម​ជន​រង​គ្រោះ​ ដោយ​មិនដឹង​មូលហេតុ បណ្តាល​ឲ្យជន​រង​គ្រោះ​ម្នាក់ រង​របួសធ្ងន់​ រីឯ៣​នាក់​ទៀត​របួសស្រាល។

ក្រោយកើតហេតុ ក្រុមក្មេង​ទំនើង​ខាងលើ បាន​រត់គេច​ខ្លួន​បាត់អស់​។ ភ្លាមៗផងដែរ ជន​រង​គ្រោះ​ បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣ ដោយ​ក្នុង​ចំណោម​ក្មេង​ទំនើង​ខាងលើ​មានគេ​ស្គាល់​មុខ​ម្នាក់៕

មតិយោបល់