កំពង់ចាមៈ លោកអធិការនគរបាលស្រុកចំការលើ បានប្រាប់ Post News ថា កាលពីវេលាម៉ោង៩ និង១៥នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ វេង ងាន់សេង ភេទប្រុស អាយុ ៣៦ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ។
ក្រោយពីទទួលបានដំណឹងភ្លាម កម្លាំងសមត្ថកិច្ច បានបញ្ចេញរថយន្ដពន្លត់អគ្គិភ័យ របស់អធិការដ្ឋាន ១គ្រឿង រថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្ត ១គ្រឿង អធិការដ្ឋានស្រុកកំពង់សៀម ១គ្រឿង និងរបស់អធិការដ្ឋានស្រុកស្ទឹងត្រង់ ១គ្រឿង ចុះទៅកន្លែងកើតហេតុ ដើម្បីការពារកុំឲ្យរាលដាលទៅផ្ទះផ្សេងទៀត។
ករណីនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៤ គ្រឿង អស់ទឹកចំនួន ៦ រថយន្ដ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង១២ថ្ងៃដដែល។
សមត្ថកិច្ច បានបញ្ជាក់ថា អគ្គិភ័យនេះ បណ្តាលឲ្យរបួសស្រាលមនុស្ស២នាក់ ដោយសាររលាកអណ្ដាតភ្លើង៖ ទី១.ឈ្មោះ សឹប គឹមស៊ី ភេទស្រី អាយុ ៦៤ឆ្នាំ (ជាម្ដាយ) និងទី២.ឈ្មោះ អែន ស្រីទូច ភេទស្រី អាយុ ៣៤ ឆ្នាំ (ជាកូន) ព្រមទាំងឆេះអស់ផ្ទះ ១ខ្នង ទំហំ ៦x ១៤ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ថ្មខាងក្រោម។
សម្ភារៈបាត់បង់មាន៖ ប្រាក់ ៣០ម៉ឺនរៀល គ្រែ៣ ទូខោអាវ៥ ម៉ាស៊ីនបោកខោអាវ១ ទូទឹកកក១ ស្រូវ១៥បេ ទូរទស្សន៍ ៣គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
មូលហេតុ ដោយសារដុតធូប ទុកចោល៕
មតិយោបល់