ព័ត៌មានជាតិ

ជើងខ្លាំងខាងគំរាមសម្លាប់ ត្រូវជាប់អន្ទ្រាក់សមត្ថកិច្ចស្រុកគិរីវង់

តាកែវ: យោងតាមផេក អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះថា ជើងខ្លាំងខាងគំរាមសម្លាប់ ត្រូវជាប់អន្ទ្រាក់សមត្ថកិច្ចស្រុកគិរីវង់ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីច្បាប់ ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាសាដំបូងខេត្តតាកែវ នៅថ្ងៃអាទិត្យ១០ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩និង២០នាទី នៅចំណុចភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

សមត្ថកិច្ចស្រុកគិរីវង់ បានទទួលបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្ឋថា មានករណីគំរាមថានឹងសម្លាប់ ក្រោយបានទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញ ចុះសហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រះបាទជាន់ជុំ ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌួង សុផាត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពចាក់សោផ្ទះពីខាងក្រៅ បិទខ្ទប់មិនឲ្យឪពុកក្មេកឈ្មោះ អ៊ីវ គន់ អាយុ៧២ឆ្នាំ និងក្រុមគ្រួសារ មិនឲ្យចេញមកក្រៅ ក្នុងសកម្មភាពចាក់បិទទ្វារផ្ទះនោះជនសង្ស័យបានស្រែកគំរាមថា នឹងដុតសម្លាប់ទាំងអស់មួយពូជ (ដោយគេបានខឹងនឹងប្រពន្ធគេ រត់គេចមកដេកនៅផ្ទះឪពុកក្មេក) ។

ក្នុងសកម្មភាពនោះជនសង្ស័យឈ្មោះ ឌួង សុផាត គេមានកាន់ពូថៅជាប់នឹងដៃ ហើយគេបានបោះសំដីគំរាមថា បើពីណាហ៊ានចូលជួយគេនឹងសម្លាប់ចោល ។ ភ្លាមនោះសមត្ថ កិច្ចក៏បានចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យមកសាកសួរ ពាក់ព័ន្ធករណីខាងលើ ។

មូលហេតុមកពី៖ ភ្លើងប្រចណ្ឌប្រពន្ធគួបផ្សំ នឹងគ្រឿងស្រវឹងជាប្រចាំផង ។ បញ្ជាក់៖ ជនសង្ស័យខាងលើ គេធ្លាប់ប្រើហិង្សាក្នុងក្រុមគ្រួសារ ជាញឹកញាប់មកហើយ ហើយក៏ធ្លាប់បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចទៀតផង តែជនសង្ស័យខាងលើ ពុំបានកែប្រែពីកំហុសរបស់ខ្លួនឡើយ ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់