ព័ត៌មានជាតិ

ចូលក្លិបដាច់លុយ បែកគំនិតនាំគ្នាទៅគាស់ផ្ទះប្រជាពលរដ្ឋ ដេញចាប់បានម្នាក់ រត់រួច២នាក់

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់ បានប្រគល់ឲ្យសមត្ថកិច្ច ខណៈបក្ខពួក២នាក់ទៀត បានរត់គេចបាត់ស្រមោល បន្ទាប់ពីនាំគ្នាធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ បានសម្រេច តែមិនទាន់បានយកទ្រព្យសម្បត្តិផង ក៏ត្រូវអ្នកក្បែរខាងឃើញទាន់ ស្រែកផ្អើលរត់ចាប់បានម្នាក់ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបុរីសីដនី ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើឈ្មោះ ចាន់ ប៊ូនី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករោងចក្រ សិប្បកម្មដែក ក្នុងភូមិកើតហេតុ ស្នាក់នៅក្នុងភូមិខាងលើ មានស្រុកកំណើត ភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

តាមចម្លើយសារភាពជនសង្ស័យ បានឲ្យដឹងថា ខ្លួនជាមួយមិត្តភក្ដិ២នាក់ទៀត សរុបមានគ្នា៣នាក់ បានចូលផឹកស៊ីរាំនៅក្លិប ពេញមួយយប់ រហូតដល់វេលាម៉ោង៤ព្រឹកអស់លុយ ទើបនាំគ្នាដើរចេញទៅផ្ទះ លុះមកដល់ចំណុចខាងលើមិត្តភក្ដិ ២នាក់ខ្លួន បានចូលធ្វើសកម្មភាពគាស់ចូលផ្ទះ ខ្លួននៅចាំខាងក្រៅ លុះគេស្រែក ២នាក់នោះរត់គេចទៅបាត់ ខណៈខ្លួនក៏ត្រូវពលរដ្ឋចាប់បានតែម្តង ហើយសកម្មភាពបែបនេះ ធ្លាប់បានប្រព្រឹត្ត៤លើកមកហើយ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបាននាំទៅសាកសួរ នៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី៕

មតិយោបល់