ព័ត៌មានជាតិ

លុចស៊ីស ស្លាក​លេខភ្នំពេញ​ 2AE-2386 បើកបុកម៉ូត​​គ្រូបង្រៀនម្នាក់ បណ្ដាលឲ្យ​​របួសធ្ងន់ ២នាក់

ស្វាយ​រៀង:​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស​២​នាក់​ បាន​រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​និង​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​។​ ឧបទ្ទវ​ហេតុនេះ​ បាន​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​ ១៥​កើត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែ​មក​រា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​និង​៣៥​នាទី​ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​១​ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១២៤-១២៥​ ក្នុងភូមិ​កៀន​សាំង​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ​រថយន្ត​បង្កហេតុ​ម៉ាក​ LEXUS​ ពណ៌​ ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AE-2386​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ រត់គេច​ពី​កន្លែង​កើតហេតុ​ បើកបរ​ពី​លិចទៅ​កើត​ រថយន្ដ​ខូចខាត​ធ្ងន់​។​ ចំណែក​ម៉ូតូ​ម៉ាក ​Wave​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ រដ្ឋ​ ១៦.១.១២២៩​ បើកបរ​ដោយ​ឈ្មោះ​ ឃួ​ន​ សំ​អុ​ន​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ មុខរបរ​គ្រូបង្រៀន​ រស់នៅ​ភូមិ​ញរ​ ឃុំ​ញរ​ ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​ មិន​មួក​សុវត្ថិភាព​ បើកបរ​ពី​លិចទៅ​កើត​ រង​របួសធ្ងន់​ ម៉ូតូ​ខូចខាត​ធ្ងន់​។​ អ្នក​រួម​ដំណើរ​ឈ្មោះ​ សេក​ ថុ​ណា​ ភេទ​ ស្រី​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ រស់នៅ​ភូមិ​ស្វាយ​អាណា​ត​ ឃុំ​ញរ​ ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​ មិន​ពាក់មួក​សុវត្ថិភាព​ រង​របួសធ្ងន់​។​

​ក្រោយ​កើតហេតុ​សម​ត្ថិ​ច្ច​ជំនាញ​ បាន​ចុះ​វាស់វែង​យក​មធ្យោបាយ​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្តស្វាយរៀង​។​ អ្នក​របួស​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។​ មូលហេតុ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​៕

មតិយោបល់