ព័ត៌មានជាតិ

​កម្មករធ្វើបង្គោលភ្លើងម្នាក់ ផឹកស្រាពីល្ងាចព្រឹកឡើងដេកស្លាប់រឹងស្តូក

ភ្នំពេញៈ កម្មករធ្វើបង្គោលភ្លើងម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងរួចចូលដេកក្នុងបន្ទប់ជួលជាមួយក្មួយប្រុស ព្រឹកឡើងដេកស្លាប់ដោយសមត្ថកិច្ចជំនាយបញ្ជាក់ថាខ្យល់គ​។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម២ ចំណុចបន្ទប់ជួល ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ។

បុរសដេកស្លាប់ខាងលើនេះមានឈ្មោះ នៅ​ ភឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មករធ្វើបង្គោលភ្លើង ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិបុរីរម្យ ឃុំវាលពង់​ ស្រុកឧដុង្គ ​ខេត្តកំពង់ស្ពឺ។ ចំណែកក្មួយប្រុសដែលដេកជាមួយឈ្មោះ នេត្យ​ ផានិត​ ភេទប្រុសអាយុ២១ស្នាក់នៅជាមួយគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រានៅមុខបន្ទប់នៅខាងក្រៅផឹកជាមួយមិត្តភក្តិជនរងគ្រោះ បន្ទាប់មកនៅម៉ោងប្រហែល៨និង១៥នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។ បន្ទាប់មកជនរងគ្រោះបានចូលក្នុងបន្ទប់ហូបបាយដោយចងមុងដេក ហើយបានប្រាប់ក្មួយថាគាត់ស្រវឹង ហើយពេលជនរងគ្រោះចូលដេកក្មួយប្រុសបានចេញមកខាងក្រៅបន្ទប់ ដើម្បីងូតទឹករួចចូលដេកជាមួយគាត់ទៅ។ លុះម៉ោងប្រហែល៦និង៣០នាទីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ម្ចាស់បន្ទប់ជួលបានស្រែកហៅក្មួយជនរងគ្រោះព្រោះដេកខកម៉ោងធ្វើការ។

ពេលក្មួយប្រុសជនរងគ្រោះភ្ញាក់ក៏បានសាមុងទុកហើយហៅពូរបស់គាត់មិនភ្ញាក់ស្ទាប់ដៃជើងរឹងអស់​ពេលនោះក្មួយជនរងគ្រោះចេញក្រៅបន្ទប់ស្រែកហៅឲ្យគេមកមើលក៏ឃើញជនរងគ្រោះស្លាប់រឹងខ្លួនទៅហើយ។

ក្រោយមកក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលរដ្ឋាននិងទាក់ទងសមត្ថកិច្ចជំនាញឲ្យចុះមកកន្លែងកើតហេតុដើម្បីពិនិត្យបន្ទាប់ពីពិនិត្យរួចរាល់ហើយបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយគាំងបេះដូង(ខ្យល់គ)ហើយបានប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់