បន្ទាយមានជ័យៈ ម៉ូតូឬរថយន្តដែលមានបំពង់ស៊ីម៉ាំងលាន់លឺ ត្រូវតែចាប់យកមកព្រមាន និងធ្វើកិច្ចសន្យាដល់អ្នកប្រើប្រាស់រថយន្ត ឬ ក៏ ម៉ូតូ ដែលកែច្នៃបំពង់ស៊ីម៉ាំងលាន់លឺនេះ ។ ជាមួយគ្នានោះ លោកវរសេនីយ៍ឯក សន គឹមសួគ៌ នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា បញ្ហាការកែច្នៃ បំពង់ស៊ីម៉ាំងរថយន្តឬម៉ូតូ ឲ្យលាន់លឺ ហើយធ្វើចរាចរណ៍តាមផ្លូវសាធារណៈ វាបង្កឲ្យមានភាពអណាធិបតេយ្យ បាត់បង់នូវសណ្តាប់ធ្នាប់ខេត្ត ដូចជាប្រទេសគ្មានច្បាប់ទម្លាប់។
ម្យ៉ាងវិញទៀតចំពោះរថយន្តភាគច្រើន គឺផ្តើមចេញពីរថយន្តដឹកដី ចំណែកម៉ូតូផ្តើមចេញពីក្រុមក្មេងទំនើង អ្នកលេងម៉ូតូ កែច្នៃម៉ូតូ ឡាន ឲ្យខុសពីលក្ខខណៈបច្ចេកទេស ដែលទង្វើទាំងអស់ ធ្វើឲ្យរំខានអារម្មណ៍ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវដេកពួនមិនបាន ឬអ្នកប្រើប្រាស់ផ្លូវជាមួយនោះ ពិសេសគឺមន្ទីរពេទ្យ ឬគ្លីនិក ដែលមានអ្នកជម្ងឺកំពុងសម្រាកព្យាបាលជាដើម ។
លោកវរសេនីយ៍ឯក សន គឹមសួគ៌ បានបញ្ជាក់ថា៖ ផ្តើមចេញ ពីទង្វើអសិលធម៌នេះ លោកឧត្តម សេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកម្លាំងនគរបាលការិយាល័យជំនាញ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត ក៏ដូចជាកម្លាំងនគរបាលចរាចរណ៍គ្រប់ ស្រុក ក្រុង ត្រូវតែមានវិធានការចាប់ម៉ូតូឬឡាន ដែលកែច្នៃបំពង់ស៊ីម៉ាំងឲ្យលាន់លឺខ្លាំង មកការិយាល័យ ឬអធិការដ្ឋាន ស្រុក ក្រុង ជំហានដំបូងគឺវិធានការអប់រំ និងធ្វើកិច្ចសន្យា លើកទី២ ត្រូវធ្វើការផាកពិន័យឲ្យធ្ងន់ធ្ងរ បើសិនជាមិនរាងចាល លើកទី៣ ចាត់វិធានការរដ្ឋបាល។
ជាក់ស្តែងថ្ងៃនេះបង្ហាញមុខអ្នកជិះម៉ូតូបំពាក់ស៊ីម៉ាំងលាន់លឺ ចំនួន៣នាក់ ១/-ឈ្មោះផុន ចាន់ណាង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិវត្តចាស់ ឃុំ-ស្រុកម៉ាឡៃ, ២/-ឈ្មោះ ដោក ខែម ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអង្គារ៍បុស្ស សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ, ៣/-ឈ្មោះ ហុង ឆាទ្រី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិកណ្តាល ឃុំ-ស្រុកអូរជ្រៅ ដែលកម្លាំងនគរបាលចរាចរណ៍ បានស្ទាក់ចាប់នាំយកមកអប់រំ និងធ្វើកិច្ចសន្យា ហើយឲ្យយកបំពង់ស៊ីម៉ាំងដើម មកដាក់វិញ ទើបឲ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្ត៕
មតិយោបល់