ព័ត៌មានជាតិ

ម៉ូតូPCX ត្រូវរថយន្តកូរ៉ូឡាបុកពេញទំហឹង​ បណ្តាលឲ្យមន្ត្រីយោធាម្នាក់របួសធ្ងន់

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​រវាង​រថយន្ត ​និង​ម៉ូតូម៉ាកPCX បណ្តាលឲ្យបុរសជិះម៉ូតូមានឯកសណ្ឋានយោធាម្នាក់របួសធ្ងន់កាលពីវេលា​ម៉ោង​១រសៀលថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ ចំណុចបង្គោលភ្លើងលេខP876-202 តាមបណ្តោយផ្លូវ១៥១ ភូមិសំរោងត្បូង​ សង្កាត់សំរោង​ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​។

​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក COROLLA ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 2H​ 7719 ធ្វើដំណើរ​លើផ្លូវ​លេខ​១៥១ ក្នុងទិសដៅ​ពី​លិចទៅ​កើត បើកបរ​ដោយ​ឈ្មោះ សេង រ៉ា​ទី ភេទ​ប្រុស អាយុ៣២​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​បឹង​ប្រិ​យ៍ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ ។​ លុះ​មកដល់​កន្លែងកើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​គ្រឿង​ម៉ាក HONDA PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HA-2132 ធ្វើដំណើរ​លើផ្លូវ​លេខ​១៥១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បើកបរ​ដោយ​ឈ្មោះ ព្រំ សុភា ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​បឹង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​បុរសមានឯកសណ្ឋានទាហានអ្នកជិះម៉ូតូរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ភ្លាមៗ​ផងដែរ ។​

​ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូរួមទាំង​អ្នកបើកបរ​រថយន្ត ត្រូវបានសមត្ថកិច្ច​នាំយកទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

មតិយោបល់