ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូលឿនបុកស្ត្រីលក់ពងមាន់អាំង រងការខូចខាត ពេលសមត្ថកិច្ចជួយអន្តរាគមន៍ បែរជាវាយសមត្ថកិច្ចទៀត បណ្តាលឲ្យរងរបួសប៉ោងមុខ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខផ្សារមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។
ជនសង្ស័យ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ឡើងស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-2360 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ចំណែកម៉ូតូលក់ពងមាន់អាំង ប្រភេទម៉ូតូសណ្តោង បើកដោយស្ត្រីម្នាក់ ឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញស្ត្រីខាងលើ បើករ៉ឺម៉កលក់ពងមាន់អាំង ឆ្លងផ្លូវបានពាក់កណ្ដាលផ្លូវ ស្រាប់តែឃើញបុរសម្នាក់ ជិះម៉ូតូលឿនក្នុងទិសដៅពីលិចទៅកើត ជាមួយល្បឿនយ៉ាងលឿន បានបុកម៉ូតូរ៉ឺម៉កលក់ពងមាន់អាំង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកពងមាន់វិញធ្លាក់ជ្រុះពេញផ្លូវ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបន្តទៀតថា ភ្លាមៗនោះ ក៏មានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានមកដល់កន្លែងកើត ដើម្បីបាញ់ថ្នាំ និងយករ៉ឺម៉កសណ្តោងលក់ពងមាន់អាំង ព្រមទាំងម៉ូតូយកមកអែបខាង ដើម្បីកុំអោយស្ទះចរាចរណ៍។
ខណៈនោះដែរ បុរសជិះម៉ូតូខាងលើ ដោយស្រវឹងស្រាផង មិនស្ដាប់សមត្ថកិច្ចណែនាំនោះទេ បានវាយសមត្ថកិច្ច បណ្តាលឲ្យងចំសៀតផ្កា។
ក្រោយពេលកើតហេតុ បុរសខាងលើ ត្រូវបាននាំយកទៅប៉ុស្តិ៍ តែជនបង្ក មិនព្រមសារភាពថា ខ្លួនបានប្រើអំពើហិង្សាលើសមត្ថកិច្ចទេ។ បន្ទាប់មកសមត្ថកិច្ច បានឲ្យដោះស្រាយ ជាមួយភាគីខាងរ៉ឺម៉ក លក់ពងមាន់អាំង ដោយសងប្រាក់១១០,០០០រៀល ហើយករណីហិង្សាសមត្ថកិច្ច កំពុងសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕
មតិយោបល់