ភ្នំពេញៈ ព័ត៌មានផ្លូវការទម្លាយចេញពីប៉ុស្ដិ៍លេខ៥ បានអះអាងថា តារាសម្ដែងកញ្ញា ដួង ម៉ានិច បានជាប់តំណែងតួឯកក្នុងរឿង «ហង្សបាក់ស្លាប» ជាផ្លូវការហើយ បន្ទាប់ពីតារាសម្ដែងផ្សេងទៀត ដែលឆ្លងកាត់ការសម្ភាសន៍សុទ្ធតែធ្វើមិនបានល្អដូចនាង។ នេះជាលទ្ធផល ដែលបានធ្វើឲ្យតារាស្រីរូបនេះ ជំនួសតំណែងកញ្ញា អាលីហ្សា ដែលបានតំណែងតួឯកនេះហើយ តែបែរជាសុំបោះបង់ ព្រោះត្រូវទៅសម្ដែងនៅក្រៅប្រទេសវិញ។
លោក ជួន វឌ្ឍនៈ អ្នកចាត់ការទូទៅប្រចាំប៉ុស្ដិ៍លេខ៥ ខាងផ្នែកផលិតរឿងភាគ បានអះអាងថា ផលិតករថៃ បានឯកភាពជ្រើសយកកញ្ញា ដួង ម៉ានិច ហើយ បន្ទាប់ពីបានចំណាយពេលជួបសម្ភាសន៍ជាមួយតារាជាច្រើន ហើយមិនមានតារាណាធ្វើបានល្អស្មើនាង។ លោកថា នាងនឹងត្រូវចេញថតឆាប់ៗ បន្ទាប់ពីការបង្ហាត់បង្ហាញត្រូវបានបង្វឹកដល់នាងពីក្រុមផលិតករថៃ។ លោកថា លទ្ធផលប្រកាសថា នាងជាប់ ទើបតែបានសម្រេចនៅព្រឹកថ្ងៃទី៧ ខែកក្កដា មុននេះប៉ុណ្ណោះ។
កញ្ញា ដួង ម៉ានិច បានអះអាងថា នាងសប្បាយចិត្តណាស់ ដែលបានជំនួសតំណែង កញ្ញា អាលីហ្សា ក្នុងរឿង «ហង្សបាក់ស្លាប់» ដែលនាងស្រមៃចង់សម្ដែង។ នាងថា ខ្លួនបានចុះកុងត្រារួចហើយ ពាក់ព័ន្ធនឹងការសម្ដែងរឿងនេះ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា អម្បាញ់មិញ។ ជាមួយនឹងឱកាសនេះ ក៏នឹងធ្វើឲ្យនាងអាចទទួលបានតួឯកសម្រាប់រឿងលើកក្រោយៗរបស់ផលិតករថៃផងដែរ៕
មតិយោបល់