ព័ត៌មានជាតិ

រថយន្តធុនធំ​បើកថយក្រោយ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ រលើងទ្រេត១ដើម

ភ្នំពេញ: រថយន្តទ្រុងធុនធំ ប្រភេទយីឌុបមួយគ្រឿង អ្នកបើកបរធ្វេសប្រហែស ខណ:ដែលបើករយ៉ែថយក្រោយ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ដែលសាលាក្រុងដាំនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យរលើងគល់ទ្រេត១ដើម កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៤ មុខបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហ៊ីណូ ពណ៌ខៀវ ទ្រុងយីឌុប ពាក់ស្លាកលេខ ព្រះសីហនុ​3A-3069​។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តឈប់ពីលិចទៅកើត លុះនៅវេលាម៉ោងខាងលើ បានរយ៉ែថយក្រោយ ពីកើតទៅលិច តែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ទើបថយទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យរលើងគល់​ទ្រេត១ដើម​។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅឃាត់រថយន្តបង្ក ប្រគល់ឲ្យសមត្ថកិច្ចជំនាញ ពិនិត្យជាក់ស្តែងនូវផលប៉ះពាល់ សម្បត្តិសាធារណ: យករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយជាក្រោយ​៕

មតិយោបល់