ព័ត៌មានជាតិ

ករណីរថយន្តព្រូសបើកលឿន ជ្រុលទៅបុក lexusRX300 ផ្លូវបំបែកជាបួនប៉ើងក្រឡាប់ផ្ងារជើង

ភ្នំពេញ: នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆាកា ឆ្នាំ២០២២ មានករណីរថយន្តព្រូសមួយគ្រឿង បើកបរក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត lexusRX300 ចំពីក្រោយចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្តោយផ្លូវ R6កែងនិងផ្លូវ៦១៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តម៉ាក lexusRX300 ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-0259 បើកបរតាមបណ្តោយផ្លូវ៦១៦ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ខណ:មកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ភ្លាមនោះដែរ ស្រាប់តែមានរថយន្តបង្កម៉ាក តូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-6153 បើកបរតាមបណ្តោយផ្លូវR6ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណ:ពេលដល់ផ្លូវបំបែកជាបួនមិនបង្អង់ ក៏ជ្រុលទៅបុករថយន្ត lexusRX300 ដែលបើកឆ្លងផ្លូវចំផ្នែកខាងក្រោយចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត lexusRX300 ក្រឡាប់ផ្ងារជើង ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុខាងលើសមត្ថកិច្ច បានចុះមកដល់ដោយភាគីទាំងសងខាងស្គាល់គ្នាពុំទាមទារជាសំណងអ្វីនោះទេ ក៏សម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុយករថយន្តទៅជួសជុលរៀងខ្លួន៕

មតិយោបល់