ព័ត៌មានជាតិ

អគ្គិភ័យ​ឆេះ​ផ្ទះ​វីឡា​ភ្លោះ​១ខ្នង​អស់ទាំង​ស្រុង​ នៅ​ក្នុង​បុរីពិភពថ្មី ផ្អើលទាំងយប់​

ភ្នំពេញៈ​​ អគ្គិភ័យ​ដ៏រន្ធត់មួយ​បាន​ឆាបឆេះ​ផ្ទះ​វីឡា​ភ្លោះ​មួយ​ខ្នង​ អស់ស្ទើរទាំងស្រុង​ ខណៈ​ដែល​ម្ចាស់ផ្ទះ​បាននាំគ្នាចេញ​ទៅ​ញ៉ាំអី​នៅខាងក្រៅ​។

ហេតុការណ៍​ដ៍គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​បានកើតឡើង​កាលពី​វេលាម៉ោង​១០​យប់​ ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្ទះ​វីឡា​លេខ​១១​ ផ្លូវ​លេខ​១៩​ ក្នុងបុរីពិភព​ថ្មី​ក្បែរ​ផ្សារ​ទំនើប​អ៊ីអន​ទី២​ ស្ថិតក្នុងសង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​ គេឃើញ​មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ក្នុងផ្ទះកើតហេតុ​​ជាន់ផ្ទាល់ដី​ ខណៈ​ដែល​ម្ចាស់​ផ្ទះ​មិននៅហើយផ្ទះបាន​ចាក់សោចោល​ពីខាងក្រៅ។ បន្ទប់​មក​ក៏មាន​លេចចេញ​ជា​អណ្តាតភ្លើង​បាន​ឆាបឆេះ​ រួចក៏បង្ក​ឲ្យមាន​ការភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្បែរខាង​ និងសន្តិសុខ​ដែល​យាមនៅ​ក្នុង​បុរី​ខាងលើបាន​នាំ​គ្នា​ទាញ​ទុយយោ​ទឹកបាញ់​ និងយកបំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​។ ប៉ុន្តែ​ដោយ​ទ្វារ​ផ្ទះ​ខាងលើបាន​ជាប់សោ ទើបមិន​ចូលទៅបាញ់ដល់ខាងក្នុងបាន​ហើយក៏បណ្តាលឲ្យ​ភ្លើង​កាន់តែ​ឆាបឆេះ​ខ្លាំងទៅៗ​។ រហូត​ប្រជាពលរដ្ឋ​សម្រេច​ចិត្ត​ទម្លាយ​ទ្វារ​ផ្ទះ​ខាងលើ​ រួចក៏បាន​រាយការណ៍​ជូនសមត្ថកិច្ច​មូល​ដ្ឋាន​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​មកជួយ​អន្តរាគមន៍​។ ក្រោយ​មក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានមកដល់កន្លែងកើតហេតុ​និងបានធ្វើការ​បាញ់ពន្លត់​ជាបន្តបន្ទាប់​ រហូត​បាញ់ទឹកពន្លត់​អស់ទឹកចំនួន​១៦គ្រឿង​ ទើបរលត់ទៅវិញ​ជាស្ថាពរ​ គឺបានរលត់នៅម៉ោង១១និង៥០នាទី​យប់​ថ្ងៃ​ដដែល​។

បើតាមសម្តីពី​បុរស​ម្នាក់​ឈ្មោះ​ គួន​ ហេង​ ដែល​ជា​អ្នកជួលផ្ទះ​ខាងលើបាន​ រៀប​រាប់​ប្រាប់​ឲ្យដឹង​ថា​ ផ្ទះ​ខាងលើនេះ​គឺគាត់​បានមក​ជួល​ ស្នាក់នៅជាមួយក្រុមគ្រួសារ​របស់គាត់​ ដែល​មានគ្នាសរុប​ចំនួន៧នាក់​ អស់រយៈ​ជិតបីខែមក​ហើយ។ កន្លងមក​ផ្ទះ​ខាងលើ​នេះ តែងតែ​មានការ​លោត​ឌីសង់ទ័រជា​ញឹកញាប់​ ហើយគាត់ក៏បាន​ជូនដំណឹង​នេះ​ទៅផ្ទះម្ចាស់​ផ្ទះ​ជាច្រើនដង​មកហើយ​ដែល​។ មុនពេលកើតហេតុ​ គាត់និងក្រុមគ្រួសាររបស់គាត់​ បាន​នាំគ្នាចេញ​ទៅ​ញ៉ាំអី​នៅខាងក្រៅ​ ដោយ​បាន​ចាក់សោ​ទ្វារផ្ទះចោល​។ លុះរហូតដល់វេលាកើតហេតុ​ ស្រាប់តែម្ចាស់ផ្ទះ​បាន​ទូរសព្ទ​មក​ប្រាប់គាត់ថា​ភ្លើងកំពុងផ្ទះ​ រួចភ្លាមនោះគាត់​ក៏​ប្រញាប់ប្រញាល់​ត្រឡប់មកវិញ​ តែខណៈពេលមកដល់​ផ្ទះ​របស់​គាត់ត្រូវបានភ្លើងកំពុងឆាបឆេះ​អស់ស្ទើរទាំងស្រុង​ទៅហើយ។

តាម​ប្រភពពី​សមត្ថកិច្ច​បានឲ្យដឹងថា​នៅ​ក្នុង​ករណី​អគ្គិភ័យ​ខាងលើនេះ​ ​មិនបណ្តាលឲ្យ​មាន​អ្នក​រង​របួស​ ឬឆេះរាលដាលដល់ផ្ទះអ្នកជិតខាង​នោះទេ​ គឺខូចខាតតែផ្ទះកើតហេតុ​ដែលមានចំនួនបីជាន់​ និងសម្ភារៈ​ជាច្រើនទៀត​ដែលនៅក្នុងផ្ទះ​ត្រូវបាន​ភ្លើងឆេះខូចអស់ស្ទើរទាំងស្រុង​ នៅសល់តែ​សម្ភារៈមួយចំនួនតូចរួមទាំងទូរដែក​មួយគ្រឿង​ដែលមាន​របស់របរមានតម្លៃ​រួមជាមួយប្រាក់សុទ្ធ​រាប់​ម៉ឺន​ដុល្លារ​ដែល​មិនត្រូវបានភ្លើងឆាបឆេះ​ ហើយ​ករណី​ខាងលើ​សមត្ថកិច្ច​សណ្ឋាន​ថា​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ផ្ទុះសេខ្សែភ្លើង៕

មតិយោបល់