ចិនៈ យោងតាមក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងកាលពីថ្ងៃអង្គារថា យន្តហោះយោធាចិន បានហោះហើរឆ្លងកាត់ខ្សែបន្ទាត់ Bashi Channel ដែលជាផ្លូវទឹករវាងកោះតៃវ៉ាន់ និងហ្វីលីពីន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
យន្តហោះចម្បាំងធុន Sukhoi Su-30 និងយន្តហោះដឹកជញ្ជូន Shaanxi Y-8 ដែលគ្រប់គ្រងដោយកងទ័ពរំដោះ ប្រជាជនចិន (PLA) ត្រូវបានគេឃើញហោះហើររំលងផ្លូវទឹក Bashi Channel កាលពីថ្ងៃអង្គារ។
ដោយពាក់ព័ន្ធនឹងករណីនេះ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានប្រកាសកាលពីថ្ងៃអង្គារថា យន្តហោះទាំងនេះ បានហោះចេញពីដីគោកភាគខាងត្បូងរបស់ចិន ហើយឆ្ពោះដំណើរតាមខ្សែបន្ទាត់ផ្លូវទឹក Bashi Channel និងភាគខាងលិចសមុទ្រប៉ាស៊ីហ្វិក។
យ៉ាងណាមិញក្រសួង ក៏បានអះអាងធានាដល់ប្រជាជនតៃវ៉ាន់ កុំឲ្យភ័យស្លន់ស្លោ សម្រាប់ការហោះហើររបស់ចិននេះ។
ក្នុងនោះក្រសួងបានបន្តទៀតថា «កងយោធាតៃវ៉ាន់ បានបញ្ជូនយន្តហោះ និងនាវាចម្បាំង សម្រាប់ការឆ្លើយតប … ដើម្បីធានាសុវត្ថិភាពដែនអាកាសជាតិ និងតំបន់សមុទ្ររបស់ពួកគេផងដែរ៕
មតិយោបល់