ភ្នំពេញៈ រថយន្តស្ទូចរបស់ក្រុមហ៊ុន «រាជសីហ៍ ឡូជីស្ទីក» បើកយ៉ាងលឿនជ្រុលទៅបុកម៉ូតូគុបកំពុងឆ្លងផ្លូវ ដែលជិះដោយលោកតាវ័យចំណាស់ម្នាក់ខ្ទាតជិត១០០ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខក្លោងទ្វាវត្តច័ន្ទបុរីវង្ស ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តស្ទូចរបស់ក្រុមហ៊ុនរាជសីហ៍ ឡូជីស្ទីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0678 បើកដោយឈ្មោះ ស អ៊ូ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅខណ្ឌសែនសុខ មានស្រកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ម៉ូតូរងគ្រោះម៉ាកគុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល 1A-9719 ជិះដោយជនរងគ្រោះឈ្មោះទូច ព្រឹម ភេទប្រុស អាយុជាង៧០ឆ្នាំ មុខរបរលក់អំបោសស្រុកកំណើតនៅភូមិម្កាក់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល រស់នៅរាល់ថ្ងៃម្តុំភ្នំបាសិដ្ឋ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុឲ្យដឹងថានៅមុនពេលកើតហេតុ ម៉ូតូដែលជិះដោយលោកតាខាងលើបើកឆ្លងផ្លូវជាតិលេខ៥ ពីកើតទៅលិច លុះខណៈកំពុងឆ្លងមិនទាន់ផុតក៏ស្រាប់តែរថយន្តខាងលើបើកតាមផ្លូវជាតិលេខ៥ពីជើងទៅត្បូងបានជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យខ្ទាតម៉ូតូនិងជនរងគ្រោះប្រមាណជិត១០០ម៉ែត្រស្លាប់ភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកថយន្តខាងលើនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូរួមទាំងអ្នកបើករថយន្តទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោះស្រាយតាមច្បាប់នៅពេលក្រោយ៕
មតិយោបល់