ភ្នំពេញៈ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរ ០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីចោរកម្ម៣ផ្សេងគ្នា។
ទី១ឈ្មោះ ផាន់ ពេជ្រពន្លឺ ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន ពាក់ព័ន្ធករណី លួចកាច់.កម៉ូតូ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៤:៣៥នាទី នៅចំណុច មុខផ្ទះលេខ17E0Z ផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ទី២ឈ្មោះ ថន ភា ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន ពាក់ព័ន្ធករណី លួចគាស់ផ្ទះ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៩:៣០នាទី ស្ថិតនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទី៣ឈ្មោះ សឿន ចន្ធី ហៅវ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០២:០០នាទី នៅចំណុច ក្នុងការដ្ឋានសាងសង់បុរី អ័រគីដេ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឈ្មោះ ផាន់ ពេជ្រពន្លឺ បានសារភាពថា នៅថ្ងៃកើតហេតុ រូបគេបានជិះកង់ចេញមកពីផ្ទះក្រោយអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ លុះមកដល់ម្តុំបុរីកីឡាឃើញម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ផ្កាឈូក ចតទុកចោល ក្រោមផ្ទះ ទើបរូបគេយកកង់ទៅទុកមុខសាលាឯកជនមួយ ហើយចូលទៅកាច់សោ ក ម៉ូតូនោះ បម្រុងលួចចេញ តែត្រូវប្រជាពលរដ្ឋបានឃើញនិងស្រែកឆោឡោ រូបគេក៏បានរត់គេចដល់ផ្សារដេប៉ូ ត្រូវអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនតែម្តង។
ឈ្មោះ ថន ភា បានសារភាពថា នៅថ្ងៃកើតហេតុ រូបគេបានជិះឡានមកពីប៉ោយប៉ែត ចុះមុខបុរីហាយឡែន រួចដើរបន្តសំដៅមកភ្នំពេញ ដល់ចំណុចភូមិក្តីចាស់ ក៏ប្រទះឃើញផ្ទះមួយកន្លែងចាក់សោទ្វារទុកចោល រូបគេក៏ចូលទៅដើរក្រវែលជុំវិញ យកបានដែកទីបមួយហើយគាស់ទម្លាយចម្រឹងបង្អួច ផ្លោះចូលក្នុងផ្ទះរើរកកាយរកសម្ភារៈមានតម្លៃ អាវុធហត្ថខណ្ឌជ្រោយចង្វារ ចុះទៅឃាត់ខ្លួនតែម្តង។
ឈ្មោះ សឿន ចន្ធី បានសារភាពថា រូបគេជាកម្មករសំណង់ សាងសង់បុរីអរគីដេ នៅថ្ងៃកើតហេតុយប់រំលងអាធ្រាត រូបគេបានដើរលួចទូរស័ព្ទកម្មករសំណង់ដូចគ្នាដែលដេកលក់បានចំនួន០៣គ្រឿង ហើយចូលដេកកន្លែងដើមវិញ ស្រាប់តែបានប្រហែល១ម៉ោង ម្ចាស់គេដឹងខ្លួន ដើររកទូរស័ព្ទហើយតេចូលលេខទូរស័ព្ទដែលបាត់ ក៏លឺសម្លេងរោទ៍ នៅកន្លែងដេករបស់ខ្លួន បណ្តាលឲ្យបែកការណ៍ ត្រូវគេឃាត់ខ្លួនបញ្ជូនឲ្យអាវុធហត្ថខណ្ឌសែនសុខតែម្តង៕
មតិយោបល់