ព្រះសីហនុៈ កាលពីវេលាម៉ោងប្រហែល៣ ទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ មានករណីចោរឆក់កាបូប បង្កដោយជនជាតិចិនដូចគ្នា២នាក់ នៅចំណុចភូមិ២ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូបពីដៃជនរងគ្រោះ ជាជនជាតិចិន ភេទស្រី អំទ្បុងពេលជនរងគ្រោះ ចុះពីលើរថយន្តដើរចូលផ្ទះ។ បន្ទាប់ពីឆក់យកកាបូបបានហើយ ជនសង្ស័យម្នាក់ បានរត់ទៅជិះម៉ូតូ ម៉ាកអ៊ែរប្លែក១គ្រឿង ពណ៌ខ្មៅលាយប្រផេះ គ្មានស្លាកលេខ ដែលបក្ខពួកម្នាក់ទៀតបញ្ឆេះនៅចាំក្បែរនោះ រួចបើកជិះគេចខ្លួនបាត់ស្រមោល។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ដោយនៅវេលាព្រឹកថ្ងៃដដែល ទើបអាចឃាត់ខ្លួនជនសង្ស័យម្នាក់ រីឯម្នាក់ទៀតកំពុងគេចខ្លួន។
ជនសង្ស័យឃាត់ខ្លួននោះឈ្មោះ MA QING LAI ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ។ និងម្នាក់ទៀតដែលគេចខ្លួន ឈ្មោះ A BIAO ភេទប្រុស ជនជាតិចិន មុខរបរមិនពិតប្រាកដដូចគ្នា។ ជនរងគ្រោះមានឈ្មោះ WU ZHONGBING ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋាគារព្រីន មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ។
វត្ថុតាងចាប់ដកហូតបានរួមមាន៖
– កាបូបដៃ០១ ពណ៌ខ្មៅ វិទ្យុទាក់ទង០១គ្រឿងសៀវភៅសរសេរ ០២ក្បាល លុយ១,៨៧៥ដុល្លារអាមេរិក។
– ទូរស័ព្ទដៃ០១គ្រឿង ម៉ាក VIVO ពណ៌ខ្មៅ ទល់រវីសធំៗចំនួន០៤ ញញួរ ០១ ស្កុត ០១ដុំ,ម៉ាស់ ០១ដុំ ម៉ូតូ ០១គ្រឿង ម៉ាកអ៊ែរប្លែក ពណ៌ខ្មៅ-ប្រផេះ គ្មានស្លាកលេខ ជាមធ្យោបាយជិះធ្វើសកម្មភាព។
បច្ចុប្បន្ន សមតត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕




មតិយោបល់