កំពង់ស្ពឺៈ នៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមិនចាំម៉ាកបុកជាមួយម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៧២-៧៣ ភូមិ តាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះ(អ្នកបើកបរ)មានឈ្មោះ វ៉ាន់ ដុក ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ ក្រាំង ប្រស្រុក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នកជិះពីក្រោយឈ្មោះ សាន់ សៀម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាក ភ្នំពេញ 1CG-2994។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានដឹកយកអ្នករងបួសឈ្មោះ សាន់ សៀម ទៅដល់មន្ទីរពេទ្យខេត្ត អ្នករបួសបានដឹងខ្លួន ហើយសួររកអ្នកបើកបរម៉ូតូ។ លុះព្រឹកឡើងវេលាម៉ោង៧នឹង៣០នាទីព្រឹក សមត្ថកិច្ច បានចុះស្រាវជ្រាវជ្រាវ ឃើញសពអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។
ចំពោះករណីនេះ ម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ និងសាកសពត្រូវបានក្រុមគ្រួសារដឹកយកទៅ ធ្វើបុណ្យទៅតាមប្រពៃណី។ ចំណែករថយន្តបង្ក ត្រូវបានកម្លាំងជំនាញ កំពុងស្រាវជ្រាវចាប់យកមកចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់