ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ មីកំប៉ុង ទឹកក្រូចដប ភេសជ្ជៈកំប៉ុង និងកម្ទេចមីកញ្ចប់ ជាច្រើនខូចគុណភាពដាក់លក់ក្នុងទីផ្សារ

ប៉ៃលិនៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យផលិតផលទំនិញវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅផ្សារសាលាក្រៅ និងតាមគេហដ្ឋាន ដែលស្ថិតនៅភូមិទួលខ្ពស់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន រួមមាន៖ មីកំប៉ុង ទឹកក្រូចដប ភេសជ្ជៈកំប៉ុង និងកម្ទេចមីកញ្ចប់ សរុប ៥៤.៣៨ គីឡូក្រាម បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតផលិតផលទំនិញទាំងនោះ យកមករក្សាទុកនៅស្នាក់ការ ដើម្បីចាត់ចែងតាមនីតិវិធី។

ឆ្លៀតក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់