ការហាត់ប្រាណ គឺជាទង្វើពីធម្មជាតិរបស់មនុស្ស តាំងពីយូរយារណាស់មកហើយ ទើបតែប៉ុន្មានសិបឆ្នាំចុងក្រោយនេះឯង ដែលមនុស្ស មានការផ្លាស់ប្តូរអាជីពការងារ មកធ្វើការងារបែបស្រាលៗវិញ ធ្វើឱ្យមិនបានហាត់ប្រាណ ទើបធ្វើឱ្យកើតមានភាពចុះខ្សោយខាងរាងកាយផ្សេងៗតាមមក… ខាងក្រោមនេះ គឺគុណប្រយោជន៍ល្អៗ របស់ការហាត់ប្រាណចំពោះរាងកាយ និងសុខភាព ដែលពេលលោកអ្នក បានដឹងហើយ ច្បាស់ជានឹងលាន់មាត់ថា វ៉ាវ!! មិនខាន។
-បើបានហាត់ប្រាណ…ឆ្អឹងនឹងរឹងមាំ មិនកើតជំងឺពុកឆ្អឹង ឆ្អឹងមិនងាយបាក់ និងចំពោះស្រ្តី វ័យអស់វដ្តរដូវ ដែលបារម្ភពីជំងឺពុកឆ្អឹង ហើយពិបាកទៅទទួលទានអ័រម៉ូន កាល់ស្យូម និងអ្វីៗផ្សេងទៀតបន្ថែមនោះ ការហាត់ប្រាណ អាចការពារបាន។
-បើបានហាត់ប្រាណ…បេះដូងនឹងរឹងមាំ ការពារការកើតរោគសរសៃឈាមបេះដូងចុះខ្សោយបាន។
-បើបានហាត់ប្រាណ…នឹងធ្វើឱ្យសរសៃឈាមតូចៗបើកឡើង ធ្វើឱ្យឈាមហូរវិល បានកាន់តែល្អឡើង ឯការមិនបានហាត់ប្រាណវិញ បេះដូងនឹងធ្វើចលនាខ្សោយ សរសៃឈាម ងាយនឹងណែនស្ទះ ប្រៀបដូចជាទឹកស្ទឹងដូច្នោះដែរ បើទឹកហូរយឺត នឹងធ្វើឱ្យងាយមានដីកកស្ទះ តែបើទឹកហូរខ្លាំងវិញ នឹងធ្វើឱ្យផ្លូវទឹកបើក និងងាយស្រួលហូរ។
-បើបានហាត់ប្រាណ…នឹងធ្វើឱ្យប្រព័ន្ធប្រសាទស្វ័យប្រវត្តិមានតុល្យភាព ព្រោះប្រព័ន្ធប្រសាទ
ស្វ័យប្រវត្តិ មាន ២ប្រព័ន្ធ គឺប្រព័ន្ធបង្ខំ និងប្រព័ន្ធបញ្ឈប់។ បើបង្ខំ នឹងធ្វើឱ្យរំភើបញាប់ញ័រ បើបញ្ឈប់ នឹងធ្វើឱ្យមានអារម្មណ៍ស្រងូតស្រងាត់ ចូរសាកល្បងសង្កេតមើលខ្លួនឯង បើរំភើបញាប់ញ័រ ពេលទៅហាត់ប្រាណ នឹងធ្វើឱ្យមានអារម្មណ៍ស្ងប់សប្បាយ និងបើកំពុងស្រងូតស្រងាត់ បើបានហាត់ប្រាណ នឹងធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា ស្វាហាប់។ ភាពសមល្មមធ្វើឱ្យមានអារម្មណ៍សប្បាយ។
-បើបានហាត់ប្រាណ…នឹងធ្វើឱ្យរាងកាយបញ្ចេញ “សារធាតុនៃសេចក្តីសុខ” ឬ អេនដូហ្វ៊ីន ចេញមកច្រើនឡើង ធ្វើឱ្យមានសេចក្តីសុខទាំងរាងកាយ អារម្មណ៍ និងផ្លូវចិត្ត។
-បើបានហាត់ប្រាណ…នឹងធ្វើឱ្យប្រព័ន្ធការពារជំងឺ ធ្វើការកាន់តែល្អឡើង ការពារការឆ្លងមេរោគ និងជំងឺមហារីក តែបើមានអារម្មណ៍តានតឹងធុញថប់វិញ ប្រព័ន្ធការពារជំងឺ នឹងចុះខ្សោយ ធ្វើឱ្យងាយឆ្លងរោគ និងកើតមហារីក។ ដូច្នេះហើយ ទើបអ្នកដែលហាត់ប្រាណជាប់ជាប្រចាំ មិនសូវកើតជំងឺផ្តាសាយ ឬឆ្លងរោគផ្សេងៗឡើយ និងធ្វើឱ្យភាពប្រឈមក្នុងការកើតរោគមហារីក ថយចុះទៀតផង៕
មតិយោបល់