ព័ត៌មានជាតិ

ធ្ងន់.ក ហើយ! ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីហឹង្សាដោយចេតនាទៅលើ…

បន្ទាយមានជ័យ: ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៣០នាទី នៅចំណុចបណ្តោយផ្លូវជាតិលេខ៦ ខាងត្បូងផ្លូវចូលមជ្ឈមណ្ឌលកម្សាន្តផ្សារហ៊ុយឡេង ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ សហការជាមួយកម្លាំងប្រតិបត្តិការកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ម៉ែន ភិរម្យ មេបញ្ជាការរងទទួលការងារយុត្តិធម៌ បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់់ទោស(វ៉ៃដោយវត្ថុរឹង) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន លោកបានបញ្ជូនជនសង្ស័យទាំង ០២នាក់ ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។
លោក ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ៖ នៅវេលាម៉ោង ៩ និង ៤៥នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ មានករណីហឹង្សាកើតឡើងនៅចំណុចកើតហេតុខាងលើ បង្កឡើងដោយក្មេងទំនើងចំនួន១ក្រុម ពេលនោះក្រុមក្មេងជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថ ។ ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញ បានសហការជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងមូលដ្ឋានក្រុងសិរីសោភ័ណ បានចុះដល់កន្លែងកើតហេតុភ្លាមៗ ពេលកម្លាំងជំនាញចុះទៅដល់ និងកំពុងធ្វើការសាកសួរលើក្រុមក្មេងជនរងគ្រោះ ស្រាប់តែក្រុមទំនើងដែលបង្កហេតុខាងលើបានជិះម៉ូតូ ចំនួន ០៤គ្រឿង មានគ្នាប្រហែលជាង ១០នាក់ ត្រឡប់មកវិញ បានប្រើឥដ្ឋ និងគប់ដុំថ្ម មកលើក្រុមក្មេងជនរងគ្រោះ បណ្តាលឲ្យកម្លាំងសមត្ថកិច្ចម្នាក់ ដែលកំពុងឈរសាកសួរក្រុមក្មេងជនរងគ្រោះ ត្រូវចំផ្នែកក្បាលខាងឆ្វេង រងរបួសយ៉ាងធ្ងន់ធ្ងរ និងដួលសន្លប់ភ្លាមៗតែម្តង។
បច្ចុប្បន្នអង្គភាពកងរាជអាវុធហត្ថខេត្ត បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ។ លោក ព្រហ្ម ថេង បានបន្តទៀតថា ៖ យោងលើបទល្មើសជាក់ស្តែង និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងទទួលបានបទបញ្ជាពីលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទើប កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការដល់កន្លែងកើតហេតុភ្លាមៗនិងស្រាវជ្រាវមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ រួមមាន ៖ ១-ឈ្មោះ ផុន ភារិន ភេទ ប្រុស អាយុ ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ ពៅ បញ្ញា(ញ៉ា) ភេទ ប្រុស អាយុ ២១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំណែកបក្សពួកជាច្រើនទៀត កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ក្នុងពេលកើតហេតុពួកគេពិតជានៅជាមួយក្រុមក្មេងទំនើង ០១ក្រុមដែលបង្កហេតុខាងលើ ពិតប្រាកដមែន ។
លោក ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ដូច្នេះជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស(វ៉ៃដោយវត្ថុរឹង) បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

 

មតិយោបល់