ព័ត៌មានជាតិ

រន្ធត់ណាស់! ខំទៅឆក់ត្រីធ្វើម្ហូបបែរជាជួបរឿងបែបនេះ

ព្រៃវែង: បុរសម្នាក់ទៅឆក់ត្រីម្នាក់ឯងប្រពន្ធមានការសង្ស័យដោយបាត់ប្តីយូរពេកមិនឃើញត្រឡប់មកវិញ
ក៏បបួលបងប្អូនញាតិជិតខាងជួយរកមើលដល់ចំណុចកើតហេតុឃើញលុយនិងបារីអណ្តែតទឹកក៏ចុះរាវរកស្រាប់ស្រាប់តែប្រទះឃើញសពប្តីក្នុងត្រពាំងទឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ និង៤៥នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចត្រពាំងអាលាងស្ថិតនៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

ជនរងគ្រោះមានឈ្មោះ ខេង ស្រេង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩វេលាម៉ោងប្រហែល១៣រសៀល ជនរងគ្រោះបានស្ពាយឧបករណ៍ឆក់ត្រីចេញពីផ្ទះម្នាក់ឯង ដើម្បីទៅរកឆក់ត្រី រហូតដល់ម៉ោង ប្រហែល១៨ប្រពន្ធមិនឃើញប្តីត្រឡប់មកវិញក៏មានការសង្ស័យ ហើយបានបបួលបងប្អូននិងញ្ញាត្តិជិតខាងជួយដើររកមើលរហូតដល់ ម៉ោង២១និង៤៥នាទី ត្រង់ចំណុចកន្លែងកើតហេតុខាងលើប្រពន្ធជនរងគ្រោះ បានឃើញលុយនិងបារីកំពុងអណ្តែតទឹកក្នុងត្រពាំងក៏មានការសង្ស័យបាននាំគ្នាចុះរាវរក ហើយប្រទះឃើញសាកសពនៅក្នុងត្រពាំងក៏បាននាំគ្នាលើកដាក់នៅលើគោករួចដឹកសាសពមកផ្ទះតែម្តង លុះព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៧ព្រឹកទើបក្រុមគ្រួសារបានមករាយការណ៍ជូនសមត្ថកិច្ច។

ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព ឆ្លងតាមការពិនិត្យ
សាកសពគ្រូពេទ្យមណ្ឌលសុខភាពព្រៃកណ្តៀងបានសន្និដ្ឋានថាសាក សពឈ្មោះ ខេង ស្រេង ស្លាប់ដោយសារឆក់ត្រី ហើយឆក់ស្លាប់ខ្លួនឯង។

បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់