ព័ត៌មានជាតិ

ចោរលួចម៉ូតូម្នាក់ឥឡូវត្រូវ បានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនចូលគុកហើយ!

ភ្នំពេញៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចម៉ូតូម្នាក់ ឈ្មោះ សុខ មាន ហៅមិន ភេទប្រុស អាយុ ៣៤ឆ្នាំទៅគុកព្រៃស។

គួររំលឹកថាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ព្រឹក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានឃាត់ខ្លួនចោរលួចម៉ូតូម្នាក់ឈ្មោះ ដូចរៀបរាប់ ខាងលើ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ស្លាកលេខ ភ្នំពេញ 1BG-2759 ជារបស់ជនរងគ្រោះ ឈ្មោះ ឌី ម៉ៅ ភេទប្រុស អាយុ ៤៥ឆ្នាំ នៅចំណុច ម្តុំយឿត្រី ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការសួរចម្លើយ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រូបគេបានសារភាពថា នៅថ្ងៃកើតហេតុ រូបគេបានដើរទៅម្តុំយឿត្រី ដើម្បីទៅសុំលុយពីបងធម៌របស់ខ្លួន ក្រោយពេលត្រលប់មកវិញ ក៏ឃើញម៉ូតូ១គ្រឿង ខាងលើ ចតទុកចោល គ្មានម្ចាស់នៅក្បែរ រូបគេបានដើរទៅអង្គុយលើ ម៉ូតូនោះ ហើយបានយកសោមួយចង្កោម ដែលរូបគេត្រៀមទុកសម្រាប់លួចកាច់ ក ម៉ូតូ បំរុងចាក់កាច់ ក ម៉ូតូ ជនរងគ្រោះ ខាងលើ តែត្រូវប្រជាពលរដ្ឋ នៅក្បែរនោះ ឃើញបានស្រែកឆោរឡោ លឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌច្បារអំពៅ ដែលកំពុងល្បាតក្នុងភូមិសាស្រ្តនោះ ឃើញបានចុះមកឃាត់ខ្លួនភ្លាមៗផងដែរ។ រូបគេបានបញ្ជាក់ទៀតថា កន្លងមកធ្លាប់ធ្វើសកម្មភាពលួចកង់ និងកាបូបរបស់ប្រជាពលរដ្ឋនៅម្តុំមុខវាំងបានសម្រេចចំនួន ៣ដងផងដែរ៕

មតិយោបល់