ព័ត៌មានជាតិ

ចោរម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ឆក់កាបូបស្ពាយជនបរទេស ជាប់ខ្នោះរបស់ប៉ូលិស

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន បន្ទាប់ពីរូបគេនិងបក្ខពួកម្នាក់ទៀតជិះម៉ូតូឆក់កាបូបស្ពាយពីជនជាតិអង់គ្លេសបានសម្រេច កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី២៦​ ខែមករា ឆ្នាំ២០១៩ ចំណុចផ្លូវលេខ១៧៤កែង ផ្លូវព្រះនរោត្តមភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា​ ជនសង្ស័យមានបក្ខពួកចំនួន២នាក់ជិះម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE-8005 មកពីមុខជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ អុន ស៊ីដេត ភេទប្រុស អាយុ២០ឆ្នាំ មុខបរមិនប្រាកដ ស្នាក់នៅភូមិព្រែកតាអុង​ ឃុំពាមឧកញ្ញាអុង​ ស្រុកល្វាឯម ខេត្តកណ្តាល ដែលអង្គុយពីក្រោយបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្រ្តីជាជនរងគ្រោះជនជាតិអង់គ្លេសដែលកំពុងដើរជាមួយមិត្តស្រីតាមផ្លូវលេខ១៧៤ពីទិសកើតទៅលិចបានសម្រេច ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ហើយត្រូវបានកម្លាំងល្បាតរបស់ខណ្ឌ និងកម្លាំងល្បាតរបស់ប៉ុស្តិ៍សហការជាមួយកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃើញហេតុការណ៍ ក៏បានដេញប្រផាប់ចាប់ប្រផីង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ខាងលើជាអ្នកធ្វើសកម្មភាពឆក់រួមជាមួយវត្ថុតាង ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE-8005 ជាមធ្យោបាយជិះធ្វើសកម្មភាពនិងកាបូបស្ពាយរបស់ជនរងគ្រោះនាំមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ឡុង ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបើកម៉ូតូ បានរត់គេចខ្លួនចោលម៉ូតូបាត់។

វត្ថុតាងមាន កាបូបស្ពាយពណ៌ខ្មៅមួយ, លិខិតឆ្លងដែនមួយលេខ515990171, ទូរសព្ទដៃចំនួន០២គ្រឿង ម៉ាកIphone6 ពណ៌ខ្មៅ និង ម៉ាក សាំស៊ុង ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ) និងម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE-8005 លេខតួ.ម៉ាស៊ីន1700360(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។

ជនរងគ្រោះឈ្មោះ CLARISSA MINNI ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិអង់គ្លេស មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 515990171 ស្នាក់នៅសណ្ឋាគារចល័ត។

សមត្ថកិច្ចបន្តថាជនសង្ស័យឈ្មោះ អន ស៊ីដេត មានសារធាតុញៀនក្នុងខ្លួន។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញខណ្ឌបានកសាងសំណុំរឿងចាត់ការតាមនីតិវីធីនិងកំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយដើម្បូស្វែងរកបក្ខពួកសេសសល់៕

មតិយោបល់