ភ្នំពេញៈ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានសហការជាមួយមន្ទីរសង្គមកិច្ចទីក្រុងហូជីមិញ រៀបចំដំណើរបញ្ជូនពលរដ្ឋខ្មែរចំនួន២៩នាក់ ត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៦ តាមច្រកព្រំដែនអន្តរជាតិ ម៉ុកបាយ-បាវិត ដើម្បីប្រគល់ជូនមន្ទីរសង្គមកិច្ច ខេត្តស្វាយរៀង។
អគ្គកុងស៊ុលកម្ពុជាបានដឹងថា ពលរដ្ឋខ្មែរចំនួន២៩នាក់ ក្នុងនោះមានមនុស្សចាស់ចំនួន០៩នាក់ (បុរស០៣នាក់ និងស្រ្តី០៦នាក់) និងកុមារ ចំនួន ២០នាក់ (ប្រុស១០នាក់ និងស្រី១០នាក់)។
ពលរដ្ឋខ្មែរទាំងនោះ ចំនួន១៩នាក់ រស់នៅស្រុកចន្ទ្រា ចំនួន០៩នាក់ រស់នៅស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង និងចំនួន០១នាក់ រស់នៅខេត្តត្បូងឃ្មុំ បានចូលមកសុំទាន និងលក់ឆ្នោតខុសច្បាប់នៅទីក្រុងហូជីមិញ ហើយត្រូវអាជ្ញាធរវៀតណាម ឃាត់ខ្លួនរក្សាទុកនិងផ្គត់ផ្គង់អាហារនៅមជ្ឈមណ្ឌលសង្រ្គោះសង្គមទីក្រុងហូជីមិញ។
គិតត្រឹមខែកក្កដា ឆ្នាំ២០១៦ នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា បានរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់ ហើយត្រូវអាជ្ញាធរវៀតណាម ឃាត់ខ្លួនសរុបចំនួន១៣៨នាក់ (គិតទាំងលើកនេះផង) ដែលភាគច្រើនជាកុមារទៅតាមម្ដាយ ឬបងមានទីលំនៅជាប់និងព្រំដែនវៀតណាម៕
មតិយោបល់