ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះ១ខ្នងយ៉ាងសន្ធោសន្ធៅនៅខេត្តកំពង់ធំ

កំពង់ធំ: មានករណីអគ្គិភ័យបានឆាបឆេះផ្ទះចំនួន១ខ្នងយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១០ និង៤៥នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អេន គឹមហូ ភេទប្រុស អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះជីវ ស៊ីថា អាយុ៣៥ឆ្នាំ ហើយផ្ទះដែលឆាបឆេះនេះទំហំ៦,៥០ម៉ែត្រ x១១ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា។

ខូចខាត៖ ឆេះផ្ទះ១ខ្នងទាំងស្រុងទំហំ៦,៥០ម៉ែត្រ x១១ម៉ែត្រ , គ្រឿងអលង្ការប្រហែល៣,៥តម្លឹង(ផ្លាកទីន), តុ ទូ កៅអីតុក្កតា គ្រែ គិតជាទឹកប្រាក់ប្រហែល៨,០០០ដុល្លារ រួមនឹងសម្ភារប្រើប្រាស់មួយចំនួនធំទៀត និងម៉ូតូចាស់ចំនួន២គ្រឿង

ចំណែកមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ក្នុងនោះដែរ ក៏មានការចូលរួមអន្តរាគមន៍ពីខាងរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦រថយន្ត ស្មើនឹង២៩ម៉ែត្រគុប រលត់ទាំងស្រុងមិនបង្កឲ្យរងគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ និងមានកម្លាំងចូលរួមអន្តរាគមន៍ពន្លត់សរុបចំនួន២៩នាក់៕

មតិយោបល់