ព័ត៌មានជាតិ

សូមបើកបរមានការប្រុងប្រយ័ត្ន! ជិះម៉ូតូ​វ៉ាជែងទៅនឹងបុករថយន្ត ស្លាប់នៅនឹងកន្លែង

​កណ្តាល: កាលពីវេលាម៉ោង៩ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ នៅលើ​ផ្លូវលេខ៨​ ចន្លោះគីឡូម៉ែត្រ​២៩-៣០ ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បង្ក​ឡើងដោយម៉ូតូ​មួយគ្រឿងម៉ាកBrand ប្រភេទ១២៥ ពាក់ស្លាកលេខ ភ្នំពេញ1GE-3837 ជិះដោយឈ្មោះ ឡាស់ ផ្លែន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិស្វាយ​ព្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម (​ស្លាប់នៅកន្លែងកើតហេតុ) បើកបរក្នុងទិសដៅពីលិចទៅកើត រួចបាន​​វ៉ាជែងរថយន្ត​ក៏ជ្រុលទៅបុក​នឹងរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ធន់ដឹកទំនិ​ញ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រៃវែង3A0689 បើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ​(រត់គេចខ្លួនបាត់)​បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា​​​ បណ្តាលឲ្យជនរងគ្រោះស្លាប់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការនាំយក​ម៉ូតូនិងរថយន្តមករក្សាទុកនៅអធិការនគរស្រុក ដើម្បីដោះស្រាយគ្នាជាបន្តទៀត។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕

មតិយោបល់