ព័ត៌មានជាតិ

លួចមិនរើសទីកន្លែង ត្រូវអ្នកចូលរួមពិធីបុណ្យព្រួតដៃគ្នា ចាប់ប្រគល់ឲ្យសមត្ថកិច្ច

កណ្ដាលៈ យោងតាផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា នគរបាលស្រុកមុខកំពូលឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់កាបូបលុយប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៤ និង ២០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវបេតុង ស្ថិតភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនសង្ស័យឈ្មោះ រ៉ណើស សារី ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិអណ្ដូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះឈ្មោះ រស់ ស្រីនាង ភេទស្រី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

វត្ថុតាងដកហូតបាន៖
-ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រៃវែង 1P-1099 (របស់ជនសង្ស័យ)
-កាបូបពណ៌ប្រផេះសាច់គគីរ(RLLEPARIS)ចំនួន១ និងប្រាក់រៀលចំនួន៣ម៉ឺនរៀល របស់ជនរងគ្រោះ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតាមបណ្ដោយផ្លូវបេតុងដោយយកកាបូបលុយរបស់ខ្លួនទុកនៅក្នុងកន្រ្តក់ម៉ូតូខាងមុខ ខណៈជិះមកដល់ចំណុចខាងលើ ស្រាប់តែជនសង្ស័យជិះម៉ូតូវ៉ាជែង ហើយត្រឡប់មកក្រោយវិញធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះក៏ដណ្ដើមកាបូបលុយពីជនសង្ស័យវិញ បណ្ដាលឲ្យដួលម៉ូតូទាំង២នាក់លើថ្នល់ ឃើញដូច្នោះប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីបុណ្យនៅជិតនោះ បាននាំគ្នាចេញមកជួយអន្ដរាគមន៍ រួចចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញដើម្បីចាត់ការ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យសារភាពថា នៅថ្ងៃខែកើតហេតុ វេលាម៉ោង១០ ខ្លួនបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះ ក្នុងគោលបំណងធ្វើសកម្មភាពឆក់កាបូបលុយ និងទូរស័ព្ទរបស់អ្នកធ្វើដំណើរតាមដងផ្លូវ ដោយមិនរើសទីកន្លែងឡើយឲ្យតែមានឱកាសគឺធ្វើសកម្មភាព លុះមកដល់ចំណុចកើតហេតុ ខ្លួនឃើញជនរងគ្រោះជិះម៉ូតូមានការបូបលុយទុកនៅក្នុងកន្រ្ដកមុខ ក៏ធ្វើសកម្មភាពតែម្ដង និងធ្លប់លួចទូរស័ព្ទគេបានម្ដងរួចហើយ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់