ភ្នំពេញៈ ដើម្បីការពារ អភិរក្ស ធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជាប្រកបដោយនីរន្តរភាព ក្រសួងបរិស្ថាន ក្រុមមេធាវីវិស្ណុ និងកម្មវិធីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានបង្ហាញពីសេចក្តីព្រាងក្រមបរិស្ថាន ជាលើកទី២ បន្ទាប់ពីបានរៀបចំតាក់តែងយ៉ាងលម្អិត និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីបញ្ជាក់អំពីស្មារតីគាំទ្រចំពោះនយោបាយ និងផែនការកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងស្របតាមទស្សនៈ រួមគ្នាធ្វើច្បាប់ សម្រាប់សង្គមជឿនលឿន និងចម្រុងចម្រើន។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ មានប្រសាសន៍ថា កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការកសាង និងការអភិវឌ្ឍជាតិឲ្យឈានឆ្ពោះទៅកាន់វឌ្ឍនភាព ប្រកបដោយចីរភាពលើគ្រប់វិស័យស្របតាមទស្សនទាន អភិវឌ្ឍ ដើម្បីអភិរក្ស អភិរក្សដើម្បីអភិវឌ្ឍ។ លោកវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃសេចក្តីព្រាងក្រមបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនិងក្រុមការងារជំនាញការជាតិ-អន្តរជាតិ ទោះបីជាជួបប្រទះនូវបញ្ហាប្រឈមផ្នែកបច្ចេកទេស និងបញ្ហាហិរញ្ញវត្ថុខ្លះៗក៏ដោយ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា ទាក់ទងនឹងការគ្រប់គ្រង ធនធានធម្មជាតិ ការអភិរក្សព្រៃឈើ និងជីវៈចម្រុះ ក៏ដូចជាកិច្ចគាំពារបរិស្ថាន រាជរដ្ឋាភិបាលបានបង្កើនការយកចិត្តទុកដាក់ ចំពោះការការពារធនធានធម្មជាតិ ការអភិរក្សព្រៃឈើនិងជីវៈចម្រុះ តាមរយៈការកែសម្រួលតួនាទី និងភារកិច្ចរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីជាប្រយោជន៍ដល់ការបែងចែកឲ្យដាច់ស្រឡះ នូវការទទួលខុសត្រូវចំពោះកិច្ចការអភិរក្ស និងអភិវឌ្ឍន៍។
លោកស្រី Claire Van der Vaeren តំណាងកម្មវិធីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធក្នុងការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការផ្ទេរសមត្ថកិច្ច និងការទទួលខុសត្រូវទៅអាជ្ញាធរមូលដ្ឋាន ក៏ដូចជាការកំណត់ឱ្យកាន់តែច្បាស់លាស់ នូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវ។ ក្រមបរិស្ថាននេះពិតជាមានសារសំខាន់ណាស់ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ក៏ដូចជាការដោះស្រាយនូវបញ្ហាប្រឈមនានា ដែលកំពុងតែកើតមាននៅក្នុងប្រទេសកម្ពុជា៕



មតិយោបល់