ភ្នំពេញៈ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន សូ ងួន មួយគ្រឿង បើកធ្លាក់ផ្លូវ និងបណ្តាលឱ្យធ្លាក់ទូរក្រឡាប់មកលើដី ខណៈពេលដែលអ្នកបើកបរបើកដោយខ្វះការប្រុងប្រយ័ត្នក្នុងល្បឿនលឿនចុះពីលើស្ពានព្រែកសំរោង ហើយបួងចង្កូតមិនទាន់នោះ សំណាងល្អមិនបានបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់។ ហេតុការណ៍នេះ បាកនកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្បែររង្វង់មូលខាងកើតស្ពានព្រែកសំរោង ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគគេបានឃើញរថយន្តកុងតឺន័រម៉ាកហ៊ីណូ ព៌ណលឿង ពាក់ស្លាកលេខភ្នំពេញ៣A-០១៨៣ មួយគ្រឿង ដែលបើកបរក្នុងទិដៅពីលិចទៅកើត ដោយបុរសម្នាក់ឈ្មោះ យ៉ែម ផល្លា អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិអង្គក្រសាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែម្នាក់ឯងក្នុងល្បឿនយ៉ាងលឿនឡើងលើស្ពានព្រែកសំរោង។ លុះមកដល់កន្លែងកើតហេតុ ដែលជាផ្លូវចុះចំណោតពីលើស្ពាន អ្នកបើកបររូបនោះមិនបានបន្ថយល្បឿនរថយន្តឡើយ ក៏បើកចុះទៅដល់ចំណុចកើតហេតុបួងចង្កូតគេចពីរង្វង់មូល និងជ្រុលចង្កូតធ្លាក់ពីលើផ្លូវទៅបុករះរបាំងថ្មបាក់អស់ជាច្រើនផ្ទាំង និងធ្លាក់ទូរកុងតឺន័រពីលើរថយន្តក្រឡាប់មកលើដីតែម្តង សំណាងល្អមិនបានបណ្តាលឲ្យមានមនុស្សណាម្នាក់រងងគ្រោះថ្នាក់។
គួរបញ្ជាក់ថា កាលព្រឹកថ្ងៃដដែល នៅចំណុចកើតហេតុ ដោយមានរថយន្តកុងតឺន័របើកធ្លាក់ផ្លូវនេះដែរ ក៏មានរថយន្តបែនដឹកដីធុនធំមួយគ្រឿង បើកចុះពីលើស្ពាន និង ជ្រុលចង្កូតឡើងទៅលើរង្វង់មូលនេះ បណ្តាលឲ្យផុងជាប់ និងខូចខាតស្មៅនៅលើសួនច្បារនេះអស់យ៉ាងដំណំផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាណ៍របស់ខណ្ឌច្បារអំពៅបានចុះមកធ្វើការវាស់វែង និង យករថយន្តកុងតឺន័របង្ក យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការរដោះស្រាយផងដែរ៕
មតិយោបល់