ព័ត៌មានជាតិ

រថយន្តបញ្ជាការដ្ឋានអង្គរក្សកំពុងបើកលឿន បែកកង់បណ្តាលឲ្យអង្គរក្ស៦នាក់របួសធ្ងន់ស្រាល

ស្វាយរៀងៈ លោកអធិការរងក្រុងស្វាយរៀង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង ខណៈដែលរថយន្តហាយឡែនឌ័រ ដែលបើកបរដោយបញ្ជាការដ្ឋានអង្គរក្ស រួមដំណើរដោយអង្គរក្ស៦នាក់ទៀតក្នុងរថយន្ត កំពុងបើកលឿនស្រាប់តែបែកកង់ បណ្តាលឲ្យអ្នករួមដំណើរលើរថយន្តរងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១២៤-១២៥ ក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

លោក អធិការរងក្រុងស្វាយរៀង បានបន្តថា រថយន្ដដែលមានគ្រោះថ្នាក់ខាងលើនេះ ជារថយន្តម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-7264 បើកបរដោយឈ្មោះ ហង្ស កក្ដដា ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ បញ្ជាការដ្ឋានអង្គរក្ស រស់នៅភូមិ ដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត បើកបរ ពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់រថយន្តខាងក្រោយចំហៀងខាងស្តាំ បណ្តាលឲ្យវេយ៉ាងខ្លាំង រហូតធ្វើឲ្យអង្គរក្ស៦នាក់ទៀត ដែលរួមដំណើរក្នុងរថយន្តរងរបួសធ្ងន់និងស្រាល ។ ក្នុងនោះទី១ឈ្មោះ សែម កុសល ភេទប្រុស អាយុ២៩ឆ្នាំ មុខររបរ បញ្ជាការដ្ឋានអង្គរក្ស រស់នៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (រងរបួសធ្ងន់)។ទី២ឈ្មោះ ផ្លេក វិធាវី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ អង្គរក្ស រស់នៅភូមិ ព្រៃត្រុំ ឃុំ ញរ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង (រងរបួសធ្ងន់)។ ទី៣ឈ្មោះ មុត សាវន ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរអង្គរក្ស រស់នៅស្រុកបាទី ខេត្តតាកែវ របួសស្រាល។ ទី៤ឈ្មោះ ព្រហ្ម សុខា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអង្គរក្ស រស់នៅស្រុកត្រាំងកក់ ខេត្តតាកែវ របួសស្រាល។ ទី៥ឈ្មោះ ណុប ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអង្គរក្ស រស់នៅភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង របួសស្រាល។ និងទី៦ឈ្មោះ តុលា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអង្គរក្ស រស់នៅខេត្តព្រវែង របួសស្រាល។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ដោយឡែករថយន្ដត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការក្រុងស្វាយរៀង រង់ចាំមកយកទៅវិញ៕

មតិយោបល់