បន្ទាយមានជ័យៈ គ្រួសារប្ដី-ប្រពន្ធក្រីក្រ រស់នៅតំបន់ឆ្ងាយពីទីប្រជុំជន (តំបន់១) ភូមិចក់ពួកឃុំស្លកក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកម៉ោងប្រមាណ៨ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានសម្រាលកូននៅលើដី ក្នុងខ្ទម ដ៏កំសត់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍ ថ្នល់បំបែក យកគោយន្តដឹកទៅសម្រាកព្យាបាល នៅមណ្ឌលសុខភាពអូរបីជាន់។
តាមការឲ្យដឹងពីនគរបាលការពារព្រំដែនគោ៩១១ ប្រចាំប៉ុស្តិ៍ថ្នល់បំបែក បានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ដែលសម្រាលកូនដោយគ្មានពេទ្យលោកមេបញ្ជាការវរបានចាត់ឲ្យនគរបាលប៉ុស្តិ៍ថ្នល់បំបែក ដែលនៅជិតនោះយកគោយន្តកន្ត្រៃ ដឹកកាត់ភក់ក្នុងស្ថានភាពផ្លូវលំបាក ទៅកាន់មន្ទីរពេទ្យអូរបីជាន់ ហើយបានជួយឧបត្ថម្ភអង្ករ៥០គីឡូក្រាម ថវិកា២០ម៉ឺនរៀល។
ស្ត្រីដែលសម្រាលកូនលើដីផ្ទាល់មានឈ្មោះ អូន សល់ អាយុ៣៧ឆ្នាំ មានកូន៤ នាក់ ទាំងកូនប្រុសដែលបានកើតនេះតែម្តង ប្ដីឈ្មោះ តាប់ វិន អាយុ៣៩ ឆ្នាំ រស់នៅតែ២នាក់ ប្ដីប្រពន្ធមានជីវភាពក្រីក្រ ក្នុងខ្ទមដ៏កំសត់ ដែលជាតំបន់ព្រៃ និងជាភូមិទើបបង្កើតថ្មី។ បច្ចុប្បន្ន ស្ត្រីខាងលើកំពុងតែសម្រាកនៅក្នុងមណ្ឌលសុខភាព អូរបីជាន់ ក្រោយពីសម្រាលកូនរួច៕
មតិយោបល់