ភ្នំពេញៈ នៅវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចមកពីប្រទេសចិន ធ្វើការបណ្ដេញជនជាតិចិនចំនួន១៣នាក់ ក្នុងនោះមានស្រី២នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ។
នេះជាការបណ្តេញជនជាតិចិនចំនួន១៣នាក់ថែមទៀត បន្ទាប់ពីបណ្ដេញជនជាតិចិន ៦៩នាក់ ពាក់ពន្ធ័នឹងករណីឆបោកគំរាមគំហែង ជំរិតទារប្រាក់តាមប្រពន្ធ័អ៊ីនធឺណេត (VOIP) កាលពីព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០១៩កន្លងទៅ ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា ជនជាតិចិនទាំង១៣នាក់នេះ ជាឧក្រិដ្ឋជនដែលរត់គេចពីប្រទេសចិន មកសម្ងំលាក់ខ្លួនផលិតបារីក្លែងក្លាយ ក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅលក់នៅប្រទេសចិន និងប្រទេសផ្សេងៗទៀត។
ក្រុមឧក្រិដ្ឋជនទាំងនេះត្រូវបានកម្លាំងចម្រុះ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ធ្វើការបង្ក្រាបបាននៅទីតាំងប្រព្រឹត្តបទល្មើសជាក់ស្ដែង កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩ នៅទឹកដីខេត្តកណ្ដាល។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចិនក៏បានយកយន្តហោះពិសេសចំនួន ០១គ្រឿង មកទទួលយកនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់នៅទីក្រុងសៀងហៃ ប្រទេសចិន៕
មតិយោបល់