ព័ត៌មានជាតិ

ទើបតែរៀបការបាន២ខែប៉ុណ្ណោះ បែរជាស្លាប់ចោលប្រពន្ធ..

ភ្នំពេញ: បុរសម្នាក់ទើបតែរៀបការបាន២ខែប៉ុណ្ណោះ បានជួបគ្រោះថ្នាក់ចរាចរណ៍បោកក្បាលស្លាប់ភ្លាមៗ លើស្ពានលីយ៉ុងផាត់ គួរឲ្យអាណោចអធ័ម បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការនៅម្ដុំកោះដាច់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

ជនរងគ្រោះមានឈ្មោះ ម៉ៅ​ បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1M-4881 ធ្វើដំណើរចេញពីធ្វើការនៅកោះដាច់ គោលបំណងត្រឡប់ទៅផ្ទះភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ តាមបណ្ដោយផ្លូវមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច ខណ:ជិះដល់ផ្ទះទៅហើយក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ មានរថយន្តមិនស្គាល់ម៉ាកមកបុកបណ្ដាលបោកក្បាលនៅលើស្ពានបែកក្បាលស្លាប់ក្នុងថ្លុកឈាមភ្លាមៗនោះដែរ ហើយរថយន្តបង្កបានបន្ថែមល្បឿនបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់ធ្វើការវាស់វែងនិងប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុករង់ចាំក្រុមគ្រួសារ យកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ៕

មតិយោបល់