ភ្នំពេញៈ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចម៉ូតូម្នាក់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោស។ ករណីលួចម៉ូតូនេះ កើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី ដែលប្រព្រឹត្តឡើង ដោយជនសង្ស័យមានឈ្មោះ ផន សុជា ហៅសុខជា ភេទប្រុស អាយុ ៣៧ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាក វ៉េវ ពណ៍ខៀវ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះឈ្មោះ យូ វី ភេទប្រុស អាយុ ៣៤ឆ្នាំ នៅចំណុច ក្នុងការដ្ឋានសំណង់ ប៊ូយ៉ុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោមវិធានការ នៃការសួរចម្លើយរបស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួនបានដើរចូលក្នុងការដ្ឋានសំណង់ ប៊ូយ៉ុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៏ឃើញមនុស្ស ៣នាក់ កំពុងអង្គុយផឹកស៊ី រូបគេក៏ចូលទៅផឹកជាមួយ ដោយគ្មានអ្នកណាស្គាល់រូបគេនោះទេ លុះផឹកបានមួយសន្ទុះ បុរស២បានឈប់ផឹក ហើយរូបគេបានផឹកបន្តទៀតជាមួយម្ចាស់ម៉ូតូ។
ក្រោយមកម្ចាស់ម៉ូតូបានដើរទៅដួសបាយ ឃើញដូចនោះរូបគេក៏បានលួចជិះម៉ូតូរបស់ជនរងគ្រោះជិះចេញតែម្តង តែក្នុងពេលនោះត្រូវបានម្ចាស់ម៉ូតូឃើញ បានស្រែកឆោរឡោ លឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌសែនសុខ ដែលកំពុងល្បាតក្នុងភូមិសាស្រ្តនោះឃើញ ចុះមកឃាត់ខ្លួនភ្លាមៗផងដែរ។ រូបគេ តែងតែប្រើប្រាស់គ្រឿងញៀន ជាប្រចាំរៀងរាល់ថ្ងៃផងដែរ៕
មតិយោបល់