ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយមានការចូលរួមពីព្រះរាជអាជ្ញារង និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះត្រួតពិនិត្យឃ្លាំងស្តុកចែកចាយផលិតផលភេសជ្ជៈគ្រប់មុខ មួយកន្លែង ដែលមានអាស័យដ្ឋានឃ្លាំងលេង ១ ផ្លូវជាតិលេខ ៥ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យលើផលិតផលមានដូចជា៖ ទឹកក្រូច ទឹកបរិសុទ្ធ ទឹកផ្លែឈើ និងភេសជ្ជៈជាច្រើនមុខទៀត សរុប ៣៨មុខ ដែលបាននាំចូលពីបរទេសតាមមាត់ច្រកអន្តរជាតិប៉ោយប៉ែត។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីទប់ស្កាត់នូវទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលធ្វើអោយប៉ះពាល់ដល់សុខភាព ឬធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។
ជាលទ្ធផល មន្រ្តីកាំកុងត្រូលបានសង្កេតឃើញថាផលិតផលទាំងអស់នោះមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយក្នុងចំណោមផលិតផលទាំងអស់មានផលិតផល ៥មុខ ជាផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់ដែលមានចំនួនស្មើនឹង ៤៧២ យួរ និង៣កេស ព្រមទាំងយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល។
មន្ត្រីជំនាញបានធ្វើកំណត់ហេតុ និងដកហូតយកមករក្សាទុកនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ។
បន្ទាប់ពីត្រួតពិនិត្យរួចរាល់ មន្ត្រីកាំកុងត្រូលបានឱ្យម្ចាស់ឃ្លាំងស្តុកចែកចាយផលិតផលភេសជ្ជៈគ្រប់មុខខាងលើ ធ្វើកិច្ចសន្យាបញ្ឈប់ការចែកចាយផលិតផល និងហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់