ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ស្ទឹងត្រែង: ជនសង្ស័យចំនួនពីរនាក់ត្រូវបានអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតថ្នាំញៀនមួយកញ្ចប់ កាលពីវេលាម៉ោង៤:៣០នាទី រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចចំការតាញូង ស្ថិតក្នុងភូមិអន្លង់ក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

អាវុធហត្ថបានប្រាប់ឲ្យ​ដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺអាវុធហត្ថបានរៀបចំវិធីញួសញុងឲ្យមានការលក់ នឹងមានការទិញ ដោយមានការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនថ្ងៃ និងដោយមានការសម្របសម្រួលពីសំណាក់លោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ទើបអាចកំណត់មុខសញ្ញាបាន រួចធ្វើការឃាត់ខ្លួន ពេលដែលជនសង្ស័យធ្វើសកម្មភាពតែម្តង។

អាវុធហត្ថបន្តថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ អាវុធហត្ថបានបញ្ជូនខ្លួនមកកាន់ទីបញ្ជាការដ្ឋកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំ និងធ្វើតេសរកសារធាតុញឿនផងដែរ។

អាវុធហត្ថបន្តទៀត​ថា ជនសង្ស័យដែលឃាត់ខ្លួនបានមាន​ ទី១​-ឈ្មោះ អ៊ុន អាត ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើចំការរស់នៅ ភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ទី២-ឈ្មោះ អុក អែល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡាន មានទីលំនៅភូមិក្រូច ឃុំទួល ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែល​បច្ចុប្បន្ន រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ អាវុធហត្ថដកហូតបានវត្ថុតាងរួមមានថ្នាំញៀនប្រភេទម្សៅមេតំហ្វេតូមីន ព៌ណសរ ថ្លា(ម៉ាទឹកកក)ចំនួន១កញ្ចប់ធំ និង៤កញ្ចប់តូច និងទូរសព្ទ័២គ្រឿង ព្រមទាំងម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1D-4503​។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានអាវុធហត្ថរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនបន្តទៅកាន់តុលាការដាក់ទោស​ទៅតាមនិតិវិធី៕

មតិយោបល់