ស្វាយរៀង: ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ ក៏ដូចពលរដ្ឋរស់នៅភូមិពោធិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានរិះគន់ចំពោះអាជ្ញាធរដែនដីពុំមានវិធានការទប់ស្កាត់ ឬ ធ្វើការណែនាំចំពោះក្រុមអ្នកបើករថយន្តដឹកដីចេញពីផ្លូវលំឡើងមកថ្នល់ជាតិលេខ១ ត្រង់ចំណុចភូមិឃុំខាងលើ ដែលបណ្តាលមានដីជ្រុះពេញថ្នល់បង្កថ្នាក់គ្រោះ និងការលំបាកយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរនៅលើដងផ្លូវជាតិ។
ប្រភពព័ត៌មានពីពលរដ្ឋបានឱ្យដឹងថា ជារៀងរាល់ថ្ងៃ គេសង្កេតឃើញមានរថយន្តដឹកដីជាច្រើនគ្រឿងបាននាំគ្នាសម្រុកដឹកដីតាំងពីព្រលឹមរហូតដល់ព្រលប់ចេញពីផ្លូវលំឡើងមកផ្លូវជាតិលេខ១ ដោយរថយន្តដឹកដីទាំងនោះពុំមានគ្របតង់ រឺដំបូល ដើម្បីកុំឱ្យអាចម៍ដីជ្រុះនោះទេ ចង់ជ្រុះអីក៏មិនខ្វល់ សំខាន់ឱ្យតែមានដីដឹកឱ្យគេជាការស្រេច។
ប្រភពដដែលបានបន្តថា បើនៅរដូវប្រាំង គឺដីហុយនៅលើផ្លូវជាតិ រីឯនៅរដូវវស្សាវិញរអិលបែកល្បាប់ធ្វើដំណើរពុំចង់កើតនោះទេ គ្មានក្រែងរអែងចិត្តប្រជាពលរដ្ឋ ឬ អ្នកធ្វើដំណើរឆ្លងកាត់នោះទេ សង្ស័យអាជ្ញាធរ និងឈ្មួញរកស៊ីដឹកដីលក់ត្រូវដងត្រូវផ្លែគ្នាហើយមើលទៅនោះ បានជាហ៊ានដឹកទាំងបំពានការណែនាំរបស់ក្រសួងរ៉ែ និងថាមពលដូច្នេះ។
លោក ឡឹក កង មេឃុំ កណ្តៀងរាយ បានឱ្យដឹងថា ពាក់ព័ន្ធនិងករណីនេះ លោកបានប្រាប់ទៅក្រុមរថយន្តដឹកដីនេះផងដែរ ថា ឥឡូវនេះ មេឃរលឹមសូមឱ្យបង្អង់ការដឹកដីនិងសិនទៅ។
ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋចង់ឱ្យអាជ្ញាធរដែលមានការពាក់ព័ន្ធប្រើវិធានការណ៍ក្តៅ ទើបអាចយកជាការបាន ដើម្បីកុំឲ្យមានករណីបែបនេះកើតឡើងដដែលៗទៀត៕
មតិយោបល់