ភ្នំពេញៈ រថយន្តប្រាំភ្លៅមួយគ្រឿង បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តលុចស៊ីសមួយគ្រឿងទៀត ដែលបើកឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ខណៈអ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល ទុកចោលរថយន្តនៅកន្លែងកើតហេត។
ករណីគ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខផ្សារទំនើបស៊ុបភើស្ទ័រ តាមបណ្ដោយផ្លូវណតប្រ៊ីត កែងនិងផ្លូវបេតុង ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើកបររថយន្តមួយគ្រឿង ម៉ាក លុចស៊ីសLX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-9649 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច។
លុះមកដល់ចំណុចកើតហេតុ បានបើកឆ្លងកាត់ផ្លូវណតប្រ៊ីត បម្រុងបត់ឆ្វេងទៅឆ្ពោះផ្លូវវេងស្រេង ខណៈដែលឆ្លងជិតផុតហើយ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងទៀតម៉ាក ហ្វូយហ្សូរ ពណ៌ស ជាប្រភេទប្រាំភ្លៅ ពាក់ស្លាកលេខ ព្រះសីហនុ3A-4704 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងទិសពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុករថយន្តខាងលើទាំងកំរោល ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យរថយន្តលុចស៊ីស រងការខូចខាតក្រពឹតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ ចំណែកឯរថយន្តបង្ករងការខូចខាតក្រពឹតកាងផ្នែកខាងមុខ ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ភ្លាមៗនោះអ្នកបើកបររថយន្តបង្ក បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល សន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែងនិងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕





មតិយោបល់