ព័ត៌មានជាតិ

អូរសោម ជាទីប្រជុំសម្បូរដោយសម្បត្តិធម្មជាតិដ៏មហាសាល នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: យោងតាមផេកមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឲ្យដឹងថា
តំបន់អេកូទេសចរណ៍ធម្មជាតិ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាទីប្រជុំសម្បូរដោយសម្បត្តិធម្មជាតិដ៏មហាសាល កម្រមានអ្នកទៅដល់បំផុត។ សម្រាប់អ្នកចូលចិត្ត ធ្វើការផ្សងព្រេងទៅតំបន់ធម្មជាតិនានា ក្នុងប្រទេសកម្ពុជា អាចទៅទីតាំងនេះបាន ពីព្រោះតំបន់អេកូទេសចរណ៍អូរសោម មានទស្សនីយភាពដ៏អស្ចារ្យជាច្រើន មិននឹកស្មានដល់នៅទីនោះ។

ក្នុងតំបន់ទេសចរណ៍ឃុំអូរសោម ភ្ញៀវទេសចរ អាចសម្រាកផ្ទះស្នាក់របស់អ្នកស្រុក មានអាហារប្រចាំតំបន់ប្លែកៗ និងមានមគ្គុទ្ទេសក៍ នាំដើរកម្សាន្តទៅកាន់តំបន់ប្លែកៗជាច្រើន។ ក្នុងនោះមានដូចជាទឹកធ្លាក់ រហូតទៅដល់៧កន្លែងផ្សេងគ្នា មានបឹងដ៏ធំ ទស្សនាក្រពើព្រៃ និងតំបន់វាលវែង គ្របដណ្ដប់ដោយធម្មជាតិដ៏ស្រស់បំព្រង។ នៅតំបន់ទឹកធ្លាក់អូរកន្ធាយនេះ មានទេសភាពស្អាតខ្លាំងណាស់ ប៉ុន្តែមិនសូវមានអ្នក ទៅដល់នោះទេ។ នៅតាមផ្លូវឆ្ពោះទៅទីនោះ យើងត្រូវជិះកាត់ផ្លូវលំតូចៗ មានចម្ការចេករបស់អ្នកស្រុក ត្រូវឆ្លងកាត់ផ្លូវឡើងចំណោត ចុះចំណោត និងឧបសគ្គជាច្រើន រហូតទៅដល់ទឹកធ្លាក់អូរកន្ធាយ។

ប៉ុន្តែមិនធ្វើឲ្យការផ្សងព្រេងនោះ ឥតប្រយោជន៍ឡើយ ព្រោះភាពអស្ចារ្យនៃធម្មជាតិនៅទីនោះ បានធ្វើឲ្យភាពហត់នឿយធូរស្បើយមួយរំពេច។
ក្រៅពីទៅដល់ទឹកធ្លាក់អូរកន្ធាយ យើងអាចបន្តដំណើរ ទៅទឹកធ្លាក់មួយកន្លែងទៀតមានឈ្មោះថា ទឹកធ្លាក់ឆាយប្រុយ មានចម្ងាយមិនឆ្ងាយប៉ុន្មានពីទីប្រជុំជនអូរសោមឡើយ។ បើធ្វើដំណើរពីកោះកុងមកខេត្តពោធិ៍សាត់ តាមជួរភ្នំក្រវាញ អាចឆៀងចូលតំបន់ទឹកធ្លាក់នេះយ៉ាងងាយស្រួល តែបើយើងមកពីខេត្តពោធិ៍សាត់វិញ ត្រូវធ្វើដំណើរហួសពីទីប្រជុំជនអូរសោម ប្រមាណជិត៣០គីឡូម៉ែត្រទៀតទើបដល់ទឹកធ្លាក់ឆាយប្រុយ។

តំបន់អេកូទេសចរណ៍ធម្មជាតិអូរសោម ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ ១៥៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់៕

មតិយោបល់